ថៃសម្រេចកាត់បន្ថយពន្ធលើចំណូលពលរដ្ឋ ខណៈកម្ពុជាទើបប្រកាសយកពន្ធបន្ថែមលើប្រាក់ចំណេញ
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃទើបនឹងសម្រេចកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់ពលរដ្ឋរបស់ខ្លួន ខណៈដែលកម្ពុជាទើបនឹងប្រកាសពីការយកពន្ធបន្ថែម២០% លើប្រាក់ចំណេញមូលធន។
លោក Suriya Juangroongruangkit រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានប្រាប់ឲ្យដឹងថា ការកាត់បន្ថយពន្ធប្រាក់ចំណូលរបស់ពលរដ្ឋនេះ គឺដើម្បីឲ្យពួកគេអាចមានលទ្ធភាពទិញរថយន្តថ្មី និងរថយន្តអគ្គិសនីមកប្រើប្រាស់ ហើយការកាត់បន្ថយពន្ធនេះនឹងមានរយៈពេល ៥ឆ្នាំ។
លោក Suriya បានបន្ថែមទៀតថា រដ្ឋាភិបាលថៃនឹងបាត់បង់ប្រាក់ចំណូលពន្ធប្រមាណ ៣,២០០លានដុល្លារ ពីការកាត់បន្ថយពន្ធនេះ ប៉ុន្តែវាបានប្ដូរមកវិញនូវការរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាពលរដថៃជាមួយនឹងការប្រើប្រាស់រថយន្តថ្មី និងបរិយាកាសដែលគ្មានជាតិពុល។
ដោយឡែក កាលពីថ្ងៃទី២៧ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការយកពន្ធបន្ថែម២០% ទៀតលើប្រាក់ចំណេញមូលធន ហើយការយកពន្ធបន្ថែមនេះនឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នេះតទៅ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃកំពុងរងយ៉ាងខ្លាំងដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាលនៃប្រទេសនេះ នៅតែបន្តដាក់គោលនយោបាយថ្មីៗបន្ថែមទៀតដើម្បីជួយពលរដ្ឋរបស់ខ្លួនពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ហើយដែលយើងឃើញកន្លងមករួមមាន៖ ការមិនយកថ្លៃប្រើប្រាស់អគ្គិសនី, ការកាត់បន្ថពន្ធអចលនទ្រព្យ, ការផ្ដល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកជាដើម៕


