ថ្ងៃតែ១ កន្លែងតែ១ ខុសត្រឹម៤ម៉ោង បង្ក្រាបបាន២នាក់
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងគ្រឿងញៀនមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះបង្ក្រាប។

ករណីទី១-កាលពីវេលាម៉ោង៣រសៀលកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មុខបើកបរម៉ូតូកង់បីឥណ្ឌា រស់នៅភូមិឃុំកើតហេតុខាងលើ។ចំណែកវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន១៣ថង់តូច, មេតំហ្វេតាមីនគ្រាប់ហៅយ៉ាម៉ាចំនួន១គ្រាប់ និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងជាមធ្យោបាយចែកចាយគ្រឿងញៀន។
ករណីទី២-នៅវេលាម៉ោង៧យប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លន សុវ៉ាន់ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ចំណែកវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅយ៉ាម៉ាចំនួន១កញ្ចប់តូច ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាងថ្នាំញៀនកម្លាំងជំនាញបានធ្វើការសាកសួរ ដោយយោងតាមចំលើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕
ប្រភព៖ https://kohsantepheapdaily.com.kh/