ថ្មីៗនេះ ផ្សារហ៊ុននៅប្រទេសនូវែលសេឡង់ត្រូវបានវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត
ទីផ្សារភាគហ៊ុនរបស់ប្រទេសនូវែលសេឡង់ត្រូវបានបង្ខំចិត្តបញ្ឈប់ជាថ្មីម្តងទៀត នៅមួយថ្ងៃក្រោយពីមានការរំខានដោយការវាយប្រហារ DDoS តាមប្រព័ន្ធអុិនធឺណិត។ ការវាយប្រហាររបស់ DDoS នេះមានគោលបំណងធ្វើឱ្យមានការចរាចរណ៍ទិន្នន័យច្រើនលើសលប់ទៅកាន់គេហទំព័រអ៊ិនធឺរណិតដោយ មានការឆ្លងចូលកុំព្យូទ័រមួយចំនួនធំដែលមានផ្ទុកមេរោគ។
ក្រុមហ៊ុនទីផ្សារភាគហ៊ុន NZX ដែលមានមូលដ្ឋាននៅទីក្រុង Wellington បាននិយាយថា ខ្លួនបានជួបប្រទះបញ្ហាទាក់ទងនឹងបណ្តាញនេះដែរ ហើយក្រុមប្រឹក្សាភិបាល និងទីផ្សារបំណុល របស់ NZX ព្រមទាំងម្ចាស់ទីផ្សារភាគហ៊ុន Fonterra ត្រូវបានផ្អាក កាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ។ ការវាយប្រហារនេះត្រូវបានបន្ធូរបន្ថយ ហើយប្រតិបត្តិការទីផ្សារធម្មតា នឹងបន្តនៅព្រឹកថ្ងៃពុធវិញ ប៉ុន្តែការជួញដូរមួយចំនួនក៏ត្រូវបានបញ្ឈប់ជាដដែល នៅវេលាម៉ោង ១១:៤២ថ្ងៃត្រង់។ ទោះបីជាការតភ្ជាប់បណ្តាញមួយចំនួននោះត្រូវបានស្តារឡើងវិញហើយសម្រាប់វិនិយោគិនក៏ដោយ ប៉ុន្តែការវាយប្រហារជាបន្តបន្ទាប់នេះក៏នៅតែចោទជាសំណួរទាក់ទងទៅនឹងផ្នែកសន្តិសុខនៅឡើយ។
សាស្ត្រាចារ្យ Dave Parry នៃផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Auckland បាននិយាយថា នេះជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនូវែលសេឡង់។ លោកក៏បានព្រមានទៀតថាបញ្ហានេះគឺបណ្តាលមកពីមនុស្សជាច្រើនត្រូវងាកមកធ្វើការនៅតាមផ្ទះរៀងខ្លួនព្រោះតែមានការរំខានរបស់ ជំងឺ Covid-19 ស្របពេលដែលពិភពលោកនៅមានសុវត្ថិភាពទាបក្នុងការប្រើប្រាស់កុំព្យូទ័រដែលជាហេតុនាំឱ្យការវាយប្រហារទាំងនោះមានភាពងាយស្រួលជាងធម្មតា៕