ទស្សនាសម្រស់ធម្មជាតិ “ភូមិ២៣” បេះដូងនៃកោះរ៉ុងសន្លឹម
ផ្លូវទៅស្រុក វគ្គ៣ បានមកដល់ទៀតហើយ។ ថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្តទៅគយគន់សម្រស់ធម្មជាតិដ៏ស្រស់ស្អាត នៅ ភូមិ២៣ នៃកោះរ៉ុងសន្លឹម។
“ភូមិ២៣” គឺជាតំបន់ទេសចរតូចមួយ ស្ថិតនៅក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅទីនេះ យើងត្រូវធ្វើដំណើរតាមអូប័រ ចេញពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់កំពង់ផែកោះរ៉ុង ប្រមាណ ១ម៉ោង បន្ទាប់មកត្រូវប្ដូរជើងអូប័រឆ្ពោះទៅកំពង់ផែភូមិ២៣ ប្រមាណ៣០នាទីតែប៉ុណ្ណោះ។
ជាផ្នែកមួយនៃឧទ្យានជាតិសមុទ្រកោះរ៉ុង “ភូមិ២៣” ជាតំបន់ដែលពោរពេញដោយសក្ដានុពលទេសចរដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរចម្រុះជាតិសាសន៍។ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២៣ហិកតា នៃកោះរ៉ុងសន្លឹម “ភូមិ២៣” ត្រូវបានរៀបចំឲ្យមានទីតាំងកម្សាន្ត និងសម្រាប់សម្រាកលម្ហែកាយជាច្រើនកន្លែងផ្សេងៗគ្នា។ នៅមិនឆ្ងាយប៉ុន្មានពីភូមិ២៣ ឆ្នេរខ្សាច់ធម្មជាតិប្រវែងជាង ១៥០០ម៉ែត្រ គឺជាកន្លែងពេញនិយមបំផុតក្នុងការដើរលម្ហែកាយ និងសម្រាកលើឆ្នេរទទួលយកបរិយាកាសដ៏ស្រស់ស្រាយពីជំនោរសមុទ្រ។
ធម្មជាតិពិតជាអស្ចារ្យ និងគួរឲ្យស្ញប់ស្ញែង! នៅទីតាំងតែមួយសោះតែបាននិម្មិតសោភ័ណភាព ២បែបផ្សេងៗគ្នា។ ម្ខាងឆ្នេរខ្សាច់ ម្ខាងទៀតច្រាំងថ្ម។ នៅជ្រុងម្ខាងនៃ “ភូមិ២៣” ក្រាលគ្រងទៅដោយដុំថ្មតូចធំ ស្អេកស្កះគរលើច្រាំងសមុទ្រ បង្កើតបានជាទស្សនីយភាពមួយបែបដ៏គួរឲ្យចង់គយគន់ ។
នៅចំពីមុខភូមិ២៣ កូនភ្នំតូចមួយ ផុសចេញកណ្ដាលសមុទ្រ គ្របដណ្ដប់ដោយព្រៃដ៏ក្រាស់ឃ្មឹក។ ទីនេះ ជាកន្លែងដ៏ល្អក្នុងការជ្រមុជទឹកទស្សនាផ្កាថ្ម ហើយទីនេះក៏ប្រមូលផ្ដុំទៅដោយធនធានសមុទ្រជាច្រើនប្រភេទរស់នៅផងដែរ។

ពីភូមិនេសាទតូចមួយ បានប្រែក្លាយជាភូមិទេសចរណ៍ ដ៏មានសក្ដានុពលមួយប្រចាំកោះរ៉ុងសន្លឹម។ ប្រជាពលរដ្ឋស្ទើរតែ ៩០% បានផ្លាស់ប្ដូរពីរបរនេសាទ មកប្រកបរបរផ្ដល់សេវាកម្មទេសចរវិញម្ដង ហើយរបរថ្មីនេះ បានជួយសម្រួលដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរជាងពេលមុនផងដែរ។
សក្ដានុពល ទេសចរនៅភូមិ២៣ មិនទាន់បញ្ចប់ត្រឹមការពណ៌នាខាងលើនេះទេ នៅពេលសាយណ្ណមកដល់ភ្ញៀវទេសចរតែងតែប្រមូលផ្ដុំគ្នានៅលើច្រាំងថ្ម រង់ចាំគយគន់ព្រះទិនករអស្ដង្គត។
ចង់ឃើញទិដ្ឋភាពដ៏អស្ចារ្យនៃភូមិ ២៣ សូមទស្សនាវីដេអូ “ផ្លូវទៅស្រុក វគ្គ៣” ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino’s Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕




ប្រភព៖ http://news.sabay.com.kh/