ទាហានថៃស្កាត់ចាប់បានរថយន្ត២គ្រឿងដែលមានពលករខ្មែរចំនួន១១នាក់ ដោយឡែកមេខ្យល់រត់ចូលព្រៃបាត់ស្រមោល

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ មេបញ្ជាការរងកងទ័ពជើងគោក កម្លាំងបូរផា បញ្ជាឲ្យកងកម្លាំងព្រំដែនក្នុងតំបន់ទទួលខុសត្រូវ ឲ្យរិតបន្តឹងការបង្រ្កាបការលួចឆ្លងដែនចូលប្រទេសថៃដោយគ្មានឯកសារច្បាប់ ក្នុងពេលដែលមានការរាត្បាតជំងឺកូវីត១៩ ។

សមត្ថកិច្ចកងរយចល័តរហ័ស កងកម្លាំងបូរផា បានចាត់កម្លាំងចល័តរហ័ស២ក្រុម ចូលទៅត្រួតពិនិត្យបរិវេណប៉ុស្ត៍ត្រួតពិនិត្យ និងផ្លូវលេខ៣១៩៧ ភូមិសៅ ស៊ូង ឃុំ ហួយ ចូត ស្រុកវឌ្ឍនា ណះខន ខេត្តស្រះកែវ ដើម្បីស្កាត់ចាប់ពលករដែលចូលប្រទេសដោយខុសច្បាប់ ។ ក្នុងពេលដែលសមត្ថកិច្ច ហៅត្រួតពិនិត្យនោះ អ្នកបើករថយន្តនិងពលករមួយចំនួនព្យាយាមរត់ តែសមត្ថកិច្ចអាចចាប់ខ្លួនពលករខ្មែរបានចំនួន១១នាក់ ក្នុងនោះប្រុស១០នាក់ និងស្រី១នាក់ ព្រមទាំងរថយន្តនីសាន់ព៌ណស ពាក់ស្លាកលេខ១ฒว-៤៥៤១ ក្រុងថេប មហានគរ នឹងរថយន្តតូយ៉ូតា ពាក់ស្លាកលេខ២ฒต-១៩៧២ ក្រុងថេបមហានគរ ទើបបាននាំរថយន្តនិងពលករខ្មែរទាំងអស់ យកមកសួរនាំ និងធ្វើកំណត់ហេតុចាប់ខ្លួន នៅប៉ុស្ត៍ត្រួតពិនិត្យរបស់កងកម្លាំងបូរផា ឃុំហួយ ចូត ស្រុកវឌ្ឍនា ណះខន ខេត្តស្រះកែវ ដើម្បីបំបែកសំណុំរឿង មុនហ្នឹងបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញ អនុវត្តតាមនិតិវិធីច្បាប់បន្ត ៕