ទីតាំងវេចខ្ចប់ស្លាចិនក្លែងបន្លំម៉ាក KOUWEIWANG ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ ផលិតផលផ្លែស្លាកញ្ចប់ក្លែងក្លាយ ។

ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង បានរកឃើញនូវឧបករណ៍សម្ភារ:បំរើឲ្យការងារវេចខ្ចប់ និងផលិត ចំនួន ៨៩,៥ គីឡូក្រាម, ម៉ាស៊ីនវេចខ្ចប់ចំនួន ០២គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ០១គ្រឿង ។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតសម្ភារ:ទាំងអស់ ដោយយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យស្រាវជ្រាវបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ហើយបាននាំខ្លួនម្ចាស់ទីតាំង ០២រូប ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ៕