ទើប​ភ្ជាប់ពាក្យ​ហើយ នាំ​គូ​ដណ្តឹង​ដើរ​លេង​កម្សាន្ត បែរជា​ជួប​គ្រោះ​ទៅ​វិញ

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក ក្រោយ​ពី​បាត់​ទៅ​ក្នុង​អន្លុង​ជម្រៅ​ជាង​២០​ម៉ែត្រ នៅ​តំបន់​រមណីយ​ដ្ឋាន​កោះ​ខេ ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង មួយ​យប់​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ លី ស្រី​នា​ត ភេទ​ស្រី អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សន្សំ​កុសល់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​ទេសចរណ៍​។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​អភិបាលរង​ខេត្ត លោក ញ៉ែ​ម សារី​គ្រា បាន​ចុះ​អន្តរាគមន៍​ស្វែងរក​ជន​រង​គ្រោះ​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​នេះ លោក​បាន​បញ្ជាក់​ថា នារី​ដែល​ជា​ជន​រង​គ្រោះ រួម​ជាមួយ​គូ​ដណ្តឹង និង​មិត្ត​ភិ​ក្ត​ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​រួម​គ្នា​មក​ពី​ភ្នំពេញ​ទៅ​លេង​នៅ​ខេត្តសៀម​រាប រួច​បន្ត​មក​ខេត្តព្រះវិហារ ហើយ​បាន​យក​មិត្តភក្តិ​ម្នាក់​សរុប​៤​នាក់​បន្តដំណើរ​មក​កំសាន្ត​ខេត្តស្ទឹងត្រែង​។

លោក​អភិបាលរង​បន្ត​ថា បន្ទាប់​ពី​ដល់​ខេត្តស្ទឹងត្រែង​នៅ​វេលា​ថ្ងៃត្រង់ ពួក​គេ​ក៏​បាន​មក​កំសាន្ត និង​ញ៉ាំ​អាហារ​នៅ​រមណីយដ្ឋាន​កោះ​ខេ រួច​ក៏​ចុះ​លេង​ទឹក និង​ដើរ​ថតរូប​លើ​ខ្សាច់​ក្បែរ​អន្លុង តែ​ជា​អកុសល​ពេល​នោះ​ស្រាប់តែ​ស្រុត​ដីខ្សាច់​ធ្លាក់​ទៅ​ក្នុង​អន្លុង​បាត់​តែ​ម្តង​។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​ភ្ញៀវ​ទេសចរណ៍​លង់ទឹក​នៅ​តំបន់​រមណីយដ្ឋាន អាជ្ញាធរ​រួម​មាន​ភូមិ​-​សង្កាត់​-​ក្រុង និង​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​សមត្ថកិច្ច​សហគមន៍​មូល​ដ្ឋាន​ខិតខំ​ស្វែងរក​ជន​រង​គ្រោះ ព្រមទាំង​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ផង​ដែរ​។

ក្រោយ​ពេល​ស្វែងរក​ជន​រង​គ្រោះ​មួយ​យប់​ទល់​ភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ​នេះ អាជ្ញាធរ​ក៏​បាន​រក​អ្នកជំនាញ​ជុច​ទឹក​ពី​ទីរួមខេត្ត ដើម្បី​ជុច​រក​បន្ត លុះ​រហូត​នៅ​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ កុម្ភ​: ទើប​រក​ឃើញ​។

យោង​តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​សាច់ញាតិ​ថា នារី​រង​គ្រោះ​ខាងលើ ទើបនឹង​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្តឹង​កន្លង​ទៅ​ថ្មី​ៗ​នេះ​ទេ ហើយ​ពួក​គេ​ក៏​ឆ្លៀតពេល​នាំ​គ្នា​ដើរ​កំសាន្ត តែ​បែរជា​មក​ជួប​គ្រោះ​អកុសល​បែប​នេះ​សោះ​។

បន្ទាប់​នារី​រង​គ្រោះ​ត្រូវ​បាន​ប្រទះ​ឃើញ​វិញ អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក៏​បាន​បញ្ជា​ទៅ​មន្ទីរ​សុខា​ភិបាល​រៀបចំ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​សព​ត្រឡប់​ទៅ​ភ្នំពេញ​ឱ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ទាក់ទិន​នឹង​ការ​បាត់បង់​ជីវិត​របស់​នារី​រង​គ្រោះ​ដែល​ជា​ភ្ញៀវ​ទេសចរណ៍​ម្នាក់ បណ្តាល​មក​ពី​ការ​លង់ទឹក​កាល​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ នោះ លោក មាន សុខ​គឿ​ន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា ជា​រើ​យ​ៗ មន្ទីរ​បាន​អញ្ជើញ​អ្នក​គ្រប់​គ្រង់​ទៅ​ទទួល​ការ​ផ្តល់​នូវ​បច្ចេកទេស ដើម្បី​គ្រប់គ្រង​ពី​តំបន់ និង​ចំណុច​ណា​ដែល​អាច​ឱ្យ​ភ្ញៀវ​លេង​បាន និង​រៀបចំ​ជា​សញ្ញា​ស្លាក​សំគាល់​តំបន់ និង​ចំណុច​ណា​ដែល​មិន​អាច​ឱ្យ​ភ្ញៀវ​ចុះ​លេង​បាន តែ​ពួក​គាត់​ធ្វេស​ប្រហែស​នូវ​ប​ច្ចេស​ទេស ហើយ​ការ​រៀបចំ​នៅ​មាន​កំរិត​។ លោក​បន្ត​ថា មន្ទីរ​នឹង​រឹត​បណ្តឹង​លើ​ប្រព័ន្ធ​សុវត្ថិភាព និង​ណែនាំ​ដល់ទី​តាំង​រមណីយដ្ឋាន​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សុវត្ថិ​ភាព​ទី​កំសាន្ត​៕

អត្ថបទ៖  https://kohsantepheapdaily.com.kh/