ទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យផលប៉ះពាល់របស់កសិករ ដោយសារជំនន់ទឹកភ្លៀង

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ គឺជារឿងដ៏សំខាន់បំផុតក្នុងតួនាទីភារកិច្ចនៃការដឹកនាំរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកជាប់ជានិច្ចឱ្យមន្ត្រីជាសេនាធិការត្រូវចុះឱ្យដល់ និងរកឱ្យឃើញនូវបញ្ហារបស់ប្រជាពលរដ្ឋ ហើយដាក់ចេញវិធានការឱ្យលឿនរហ័សដោះស្រាយជូនពួកគេ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការ ជាភ្នែក ជាច្រមុះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតនូវអនុសាសន៍ និងបទបញ្ជារបស់សម្តេចតេជោ ក្នុងការដោះស្រាយការងារគ្រោះមហន្តរាយ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ។

នៅព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តធ្វើដំណើរចុះត្រួតពិនិត្យជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចស្រែស្រូវប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងដំណើរចុះស្វែងយល់ពីការលំបាក និងផលប៉ះពាល់របស់កសិករនេះ ក៏មានការចូលរួមពីក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម អភិបាលខេត្តកំពង់ធំ, មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត, អភិបាលស្រុក និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្តងដែរ។

របាយការណ៍បឋមរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ស្រុកកំពង់ស្វាយ ប៉ះពាល់ដោយជំនន់ទឹកភ្លៀងសរុបចំនួន ៨ឃុំ ស្មើនឹង ៤,៤២៥ហិកតា ក្នុងនោះខូចខាតចំនួន ២,៧០៧ហិកតាស្មើនឹង២,១៧១គ្រួសារ។

នៅចំពោះមុខប្រជាកសិកររងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការនឹករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះប្រជាកសិករទាំងអស់ ក៏ដូចជាការចូលរួមសោកស្តាយចំពោះផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងនេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រជាកសិករពីការណែនាំរបស់សម្តេចតេជោ ឱ្យយកចិត្តទុកដាក់ដោះស្រាយការលំបាក និងផលប៉ះពាល់របស់ប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀងនេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពឱ្យបានជាប់ជាប់ប្រចាំពីផលប៉ះពាល់និងខូចខាតដែលមានជាបន្តបន្ទាប់ទៀតនោះ ដើម្បីងាយស្រួលដល់ខាងស្បៀងបម្រុងធ្វើការផ្តល់ជូនគ្រាប់ពូជស្រូវសម្រាប់ធ្វើការស្តារឡើងក្រោយទឹកបានស្រកអស់។

បើទោះបីជាទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែសីហា លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអញ្ជើញចុះទៅពិនិត្យផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម ចាប់តាំងពីទទួលបានការទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ឱ្យដឹកនាំការងារនៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាំឆ្នាំ២០១៩មក លោកតែងតែបានយកចិត្តទុកដាក់ខ្ពស់លើតួនាទីភារកិច្ចរបស់ខ្លួន ហើយលោកតែងចុះដល់ និងពិនិត្យផ្ទាល់នៅទីតាំងពលរដ្ឋរងគ្រោះ ព្រមទាំងបានដាក់ចេញនូវដំណោះស្រាយភ្លាមឆ្លើយតបនឹងបញ្ហាផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online