ទោះបដិសេធបែបណាក៏នៅតែឃាត់ខ្លួន ព្រោះយោងសាក្សីនិងវត្ថុតាងនានា
ខេត្តបាត់ដំបង ៖ ជនទំនើងចំនួន២នាក់ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម(ជិះម៉ូតូដេញកាប់គ្នា)កាលពី
សប្ដាហ៍មុននៅស្រុកសង្កែ ត្រូវបានមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៤ កុម្ភៈ ដោយយោងលើសាក្សី និងវត្ថុតាងនានា បើទោះជាជនទាំង២នាក់នេះ បានព្យាយាមបដិសេធនូវទង្វើដ៏សាហាវឃោរឃៅរបស់ខ្លួនក្ដី ។ នេះបើតាមការផ្ដល់ព័ត៌មានពីមន្ត្រីជំនាញ។

មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ
ទិត រ៉ូហ្សែត អាយុ២៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះមឿន ធារ៉ា ហៅអាពីរពាន់ អាយុ១៨ឆ្នាំ ពួកគេរស់នៅស្រុកឯកភ្នំ ។ មន្ត្រីដដែលបានប្រាប់ថា ជនទាំង២នាក់នេះ ត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី០២ កុម្ភៈ ក្រោយពីសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏សាហាវមួយ កាលពីចុងខែមករានៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ ដែលបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងការជិះម៉ូតូដេញកាប់សម្លាប់គ្នា នៅតាមដងផ្លូវពេលយប់ ។ ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញបានរកឃើញវត្ថុតាងជាច្រើនដែលសង្ស័យថា ជាកម្មវត្ថុ ដែលជនសង្ស័យទាំងបានប្រើប្រាសជាមធ្យោបាយ សម្រាប់ប្រព្រឹត្តបទល្មើស តែជនទាំង២នាក់បានប្រឹងប្រែងឆ្លើយបដិសេធ និងមិនទទូលខុសត្រូវនូវទង្វើរបស់ខ្លួន ។
បើយោងលើចម្លើយជនសង្ស័យនៅក្នុងរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ទិត រ៉ូហ្សែត និង ឈ្មោះមឿន ធារ៉ា ហៅអាពីរពាន់ នេះ ហាក់មិនបានសារភាពទទូលស្គាល់ថា ពួកខ្លួនបានកាប់សម្លាប់មនុស្សទេ ។ ប៉ុន្តែបើយោងលើការចង្អុលបង្ហាញពីសាក្សីជាច្រើន ដែលមន្ត្រីជំនាញបានសាកសួរ គឺមានចម្លើយស្ទើរ៩០% ដែលជាប់ពាក់ព័ន្ធនឹងជនសង្ស័យទាំង២នាក់ ។ មិនតែប៉ុណ្ណោះ ភស្ដុតាងទាំងអស់ដែលមន្ត្រីជំនាញបានដកហូតពីជនសង្ស័យ ក៏មានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មនេះដែរ ។ ដូចជាមួកសុវត្ថិភាព ដែលជនសង្ស័យពាក់ជិះម៉ូតូពេលដេញកាប់ជនរងគ្រោះ ម៉ូតូម៉ាកអុីសិកទ័រ គ្មានស្លាកលេខ និងកាំបិត ដែលប្រើកាប់ទៅលើជនរងគ្រោះ។ល។ វត្ថុតាងទាំងនេះ សុទ្ធតែស៊ីសង្វាក់ទៅនឹងចម្លើយបំភ្លឺរបស់សាក្សីទាំងអស់ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា ពិតមែនតែជនសង្ស័យទាំង២នាក់នេះ មិនបានសារភាពទាំងស្រុងនូវទង្វើរបស់ពួកគេ តែមានសាក្សីជាច្រើនដែលបានផ្ដល់សក្ខីកម្មដាក់បន្ទុកទៅលើជនទាំង២នាក់ ។ មិនតែប៉ុណ្ណោះ វត្ថុតាងនានា ដែលសមត្ថកិច្ចបានរកឃើញនិងបានដកហូតពីជនសង្ស័យ សុទ្ធតែជាប់ពាក់ព័ន្ធទាំងអស់ ។ ដូច្នេះហើយ ទើបលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាធរ បញ្ជាឲ្យធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។
សូមរំលឺកថា កាលពីយប់ថ្ងៃទី២៩ មករា កន្លងទៅថ្មីៗនេះ មានជនមិនស្គាល់មុខចំនួន២នាក់ បានជិះម៉ូតូដេញតាមកាប់យុវជន២នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាក្នុងចំណោមបក្សពួកចំនួន៤ម៉ូតូ ត្រង់ចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង២ ស្រុកសង្កែ បណ្ដាលឲ្យយុវជនម្នាក់ឈ្មោះ លន់ កែវ អាយុ១៧ឆ្នាំ រងរបួសក្បាលធ្ងន់ធ្ងរ ហើយក្រោយមកបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យខេត្ត និង យុវជនម្នាក់ទៀតឈ្មោះ ផាន ភក្ដី អាយុ១៦ឆ្នាំ រងរបួសក្បាលដេ៥ធ្នេរ ដោយគ្មាននរណាបានដឹងអំពីមូលហេតុឡើយ ។
ជនដៃដល់ត្រូវគេអះអាងថា មានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក អុីសិកទ័រ គ្មានស្លាកលេខ និងមានម្នាក់ជិះខាងក្រោយពាក់មួកសុវត្ថិភាព ពណ៌ខ្មៅ (ភិនភាគ និង វត្ថុតាងដូចការដកហូតបានខាងលើ) ។ ក្រោយពីហេតុការណ៍នេះកើតឡើង លោកស្នងការខេត្ត បានចេញបញ្ជាយ៉ាងដុតដៃដុតជើង ដល់មន្ត្រីការិយាល័យជំនាញ ដើម្បីធ្វើការស្រាវជ្រាវ រហូតមន្ត្រីជំនាញ កំណត់បាននូវមុខសញ្ញាជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ខាងលើនេះ។
លោកឧត្តមសេនីយ៏ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានបញ្ជាក់ថា ដោយយោងលើការបំភ្លឺពីសាក្សីនានា និង ការបំភ្លឺពីជនរងគ្រោះ រួមទាំងស៊ីសង្វាក់ទៅនឹងវត្ថុតាងនានាផង ពេលនៅលោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញាបានបញ្ជាឲ្យមន្ត្រីជំនាញ បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តហើយ៕



អត្ថបទ៖ https://kohsantepheapdaily.com.kh/