ទៅភ្លាមបានភ្លែតហ្មង! បាន មុនីល័ក្ខ ក្ដាប់តំណែងតួឯក ក្រោយហក់ចូលថោន
ក្រោយទើបនឹងលេចមុខច្រៀងក្នុងផលិតកម្មថោនមិនបានមួយឆ្នាំផង ពេលនេះ តារាស្រីមកពីបាត់ដំបង បាន មុនីល័ក្ខ សម្រេចបានលទ្ធផលធំ ដោយទទួលបានតំណែងតួឯកក្នុងភាពយន្តភាគលើកដំបូងក្នុងអាជីពសិល្បៈរបស់នាង។

មុនីល័ក្ខ បានចាប់ដៃគ្នាជាមួយ លោក ម៉ៅ ហាជី ធ្វើជាតួឯកប្រុសស្រីក្នុងរឿង “ព្រហ្មលិខិតដុះស្លាប” ដែលទើបនឹងបើកពិធីក្រុងពាលីនាថ្ងៃម្សិលមិញនេះ។ តំណែងតួឯកខាងលើ គឺក្រោយពេលដែលអ្នកនិពន្ធ និងដឹកនាំផលិតភាពយន្តនេះ គឺលោក សោម ដូរ៉េ និងលោក វ៉ាត់ លីម៉េង ប្រាប់ថា នេះជាភាពយន្តភាគមួយដែលប្លែកទាំងសាច់រឿង និងការតុបតែងខ្លួន ហើយពួកលោកពេញចិត្ត តារាមួយគូនេះ។
តារាប្រុសស្រីមកពីខេត្តបាត់ដំបង បញ្ជាក់ថា នេះគឺជាបទពិសោធន៍ដូចគ្នាសម្រាប់ពួកគេ។ ដូច្នេះហើយ ពួកគេរីករាយនឹងការទទួលបានឱកាសនេះណាស់ ហើយនឹងព្យាយាមសម្ដែងឲ្យបានល្អអស់លទ្ធភាព ដើម្បីអភិវឌ្ឍខ្លួនឯងផង និងទុកជាកាដូដល់អ្នកគាំទ្រផង។

តាមអ្នកនិពន្ធល្បីឈ្មោះ លោក សោម ដូរ៉េ បានបញ្ជាក់ថា ភាពយន្តនេះត្រូវបានសម្រិតសម្រាំងនិពន្ធជាយូរមកហើយមុននឹងយកមកដាក់ក្នុងការផលិតនាពេលនេះ ក្នុងនោះសាច់រឿងលោកធានាថា ប្លែកពីភាពយន្តនានា។ លោកថា “ព្រហ្មលិខិតដុះស្លាប” ប្រមូលផ្តុំដោយសិល្បករប្រុសស្រីល្បីឈ្មោះ អមដោយសាច់រឿងប្លែកលាយឡំកំប្លែង និងការតុបតែងខ្លួនបែបប្លែក អមដោយបច្ចេកទេសផលិតថ្មី លោករំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។

លោក សោម ដូរ៉េ(រូបអាវយឺតស)
ងាកមក អ្នកដឹកនាំសម្ដែង លោក លី ម៉េង វិញ បានបញ្ជាក់ថា ថោនសម្រេចវិនិយោគលើរឿងមួយនេះ ដោយមានគោលដៅលើកកម្ពស់ភាពយន្តក្នុងស្រុក ពោលគឺបង្កើនរសជាតិថ្មីប្លែក។ ដូច្នេះហើយ ទើបប្រមូលតារាសម្ដែងតារាចម្រៀងល្បីឈ្មោះជាច្រើន។ លោកថា ភាពយន្តនេះនឹងត្រូវចំណាយការផលិតប្រមាណ២ខែ ហើយក៏នឹងចាប់ផ្ដើមចាក់បញ្ចាំងជាបណ្ដើរៗក្នុងពេលដ៏ខ្លីខាងមុខដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

លោក វ៉ាត់ លីម៉េង អ្នកដឹកនាំរឿង
ក្រៅពីតារាចម្រៀងម៉ៅ ហាជី និងបានមុនីល័ក្ខ ភាពយន្តនេះ ក៏មានការចូលរួមសម្តែងដោយតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនក្នុងផលិតកម្មនេះ មានដូចជា អ្នកនាង ចេន សាយចៃ អ្នកនាង កាតុ លោក រ៉ូលីន លោក សៅ ឧត្តម អ្នកនាង ឆៃ លីដាឡែន លោក សាវិនហ្វីលីប កញ្ញា ញឹម ចាន់ថន និងសិល្បករជាច្រើនរូបទៀត។
នេះគឺជាភាពយន្តភាគថ្មីមួយបន្ថែមទៀតរបស់ទូរទស្សន៍ Town Full HD TV ដែលត្រូវបានផលិតបន្ទាប់ពីស្នាដៃបទចម្រៀង ភាពយន្តកំប្លែង និងភាពយន្តភាគរឿង “រៃមាស” ដែលទទួលបានការគាំទ្រច្រើនច្រើនពីទស្សនិកជន៕




រូបថត៖ សហការី
អត្ថបទ៖ http://news.sabay.com.kh/