ទំនិញមានផ្ទុកសំណល់ថ្នាំពុលកសិកម្ម PY និង ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ត្រូវបាន រកឃើញនៅផ្សារសិរីសោភ័ណ

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បន្តចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសិរីសោភ័ណ តាមបណ្តាតូប គេហដ្ឋាន និងម៉ាត ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ១២ គំរូ រួមមាន សណ្តែកគួ ស្ពៃតឿ ពោតបារាំង និងខាត់ណាដើម ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាពិសេស មន្ត្រីសាខា ក.ប.ប. បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញ មានផ្ទុកសំណល់ថ្នាំពុលកសិកម្ម PY មានដូចជា សណ្តែកគួ ស្ពៃតឿ ពោតបារាំង និងខាត់ណាដើម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំទេចមី និងនំក្មេងសរុបចំនួន ៩.២០ គីឡូក្រាម។ បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕