ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ទទួលបានពានរង្វាន់ធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaisance

ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ភ ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថាជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ

២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។

យោងតាមបញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ គោរពរាយការណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការ

សម្រេចផ្តល់ពានរង្វាន់ធនបត្រថ្មីឆ្នើមនេះ គឺដោយសារបច្ចេកទេសនៃការផលិតក្នុងស្រុករបស់ធនាគារជាតិនៃ

កម្ពុជា មានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការកាពារការក្លែងបន្លំ។

ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើជារៀងរាល់ឆ្នាំទេ គឺធ្វើឡើងនៅពេលដែលមានវត្តមានធនបត្រដែលមានលក្ខណៈសម្បត្តិស័ក្តិសម ប្រកបដោយគុណភាព និងបច្ចេកទេសតែប៉ុណ្ណោះ។

ស្ថាប័នអន្តរជាតិ Reconnaisance បង្កើតឡើងតាំងពីឆ្នាំ១៩៨៨ និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរូបិយបណ្ណដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មធនបត្រសកល ហើយក៏ជាប្រភពនៃព័ត៌មានអន្តរជាតិឈានមុខអំពីបច្ចេកវិទ្យាថ្មីៗនៃការ

ផលិតធនបត្រ សុវត្ថិភាពបែបអុបទិក និងឌីជីថល និងប្រព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញាណធនបត្រនីមួយៗផងដែរ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងផងដែរថា បន្ទាប់ពីមានការបើកប្រទេស និងការសម្រួលលក្ខខណ្ឌការធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក Antonio Cesario Ricdo អនុប្រធានក្រុមហ៊ុន Landqart AG នៃប្រទេសស្វីស បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានប្រគល់ពានរង្វាន់ធនបត្រឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ មកធនាគារជាតិនៃកម្ពុជា ក្នុងនាមស្ថាប័នអន្តរជាតិ Reconnaisance ផងដែរ៕

 

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online