ធ្វើសកម្មភាពច្រើនលើកយ៉ាងកក្រើក ចុងក្រោយអស់លក្ខណ៍ត្រឹមកាម៉េរ៉ាសុវត្ថិភាព
ខេត្តបាត់ដំបង ៖ ជនសកម្មក្នុងអំពើលួចម្នាក់ ត្រូវកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២ មីនា ខណ:ដែលជននេះកំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែងដែលមានយីហោ ប៊ែមប៊ូ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង បានឱ្យដឹងថា ជនសង្ស័យម្នាក់ខាងលើឈ្មោះ ផុន សុភា ហៅភា ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោតជុំ ឃុំកោះ ស្រុកពញាឮ ខេត្តកណ្ដាល តែបានមកសម្ងំស្នាក់នៅផ្ទះសំណាក់ ប៊ែមប៊ូ ក្នុងក្រុងបាត់ដំបង ដើម្បីធ្វើសកម្មភាព កាច់សោរលួចយកម៉ូតូនៅតាមសាលារៀននានា និងនៅតាមទីសាធារណ:។

លោកគឹ សុង បាននិយាយថា ជននេះនិងបក្ខពួកបានធ្វើសកម្មភាពយ៉ាងកក្រើក និងជាច្រើនករណីនាប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយរាល់សកម្មភាពក្រុមជនដៃដល់នេះ តែងមានជាប់រូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពនានាដែលពលរដ្ឋបំពាក់នៅខាងមុខលំនៅឋាន។ ដូច្នេះហើយទើបលោកស្នងការរងទទូលបន្ទុក និងលោកស្នងការខេត្តបញ្ជាឱ្យធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានម្នាក់ ជាមួយនឹងវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនផង។

នៅចំពោះមុខសមត្ថកិច្ច និងចំពោះមុខវត្ថុតាង ដែលមានទាំងរូបភាពកាមេរ៉ាសុត្ថិភាពយ៉ាងច្បាស់ក្រឡែតផង ជននេះហាក់មិនរារែកទេ ក្នុងការសារភាពទទូលកំហុស ដោយជនសង្ស័យបានសារភាពថា កន្លងមកខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពកាច់សោរលួចម៉ូតូមែន តែជននេះមិនបានរៀបរាប់ពីចំនួនម៉ូតូដែលពួកខ្លួនបានលួចយកទៅនោះទេ។

ប៉ុន្តែបើតាមមន្ត្រីជំនាញបានប្រាប់ថា បើតាមកំណត់ហេតុបឋម ជននេះនិងបក្ខពួកបានធ្វើសកម្មភាពចុងក្រោយ នាប៉ុន្មានថ្ងៃមុននេះ នៅម្ដុំភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច និង នៅជិតក្លឹបខារ៉ាអូខេ ស៊ែឡាវី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជាមួយនឹងការឃាត់ខ្លួនជនសកម្មខាងលួចនេះ បើតាមរបាយការណ៍ មន្ត្រីជំនាញបានដកហូតវត្ថុតាងពីជនសង្ស័យ រួមមានកូនសោរម៉ូតូចំនួន៤គ្រាប់, កូនសោរដែករាងអក្សរ T ចំនួន១ដើម, កូនសោរដែក រាងអក្សរ L ចំនួន១ដើម, តួណឺវីសចំនួន១ដើម និងអាវនិងខោដែលពាក់ធ្វើសកម្មភាព (ដូចក្នុងកាមេរ៉ាសុវត្ថិភាព) ចំនួន១ រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនសង្ស័យកំពុងត្រូវបានមន្ត្រីជំនាញសាកសួរ ដើម្បីចាត់ការតាមនីតិវិធីហើយ ខណ:លោកស្នងការខេត្ត បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតតាមរកចាប់ខ្លួនបក្ខពួកក្រុមនេះបន្តទៀត ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/