ធ្វើសកម្មភាពបានសម្រេចនៅកន្លែងតាំងពិព័រណ៍ អស់លក្ខណ៍ត្រឹមម្ចាស់ប្តឹង
ខេត្តប៉ៃលិន ៖ ជនសង្ស័យចំនួន៤នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃនៅកន្លែងតាំងពិព័រណ៍បានសម្រេច ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ប៉ុន្តែត្រូវម្ចាស់ប្តឹងនគរបាលស៊ើបអង្កេតតាមចាប់ខ្លួនបានតែម្តង ។

ហេតុការណ៍ឆ្មក់ចូលចាប់ជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។

ជនសង្ស័យទាំង៤នាក់រួមមាន ១-ឈ្មោះ ម៉ៅ សំរស់ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ២-ឈ្មោះ យ៉ែម សិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៣-ឈ្មោះ ឆន រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិននិង៤-ឈ្មោះ អ៊ុច វណ្ណារុំ (អ្នកលួច) ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក រស់នៅភូមិប៉ាហ៊ីជើង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបណ្ដឹងតាមរយៈទូរស័ព្ទថា មានករណីជនសង្ស័យលួចទូរស័ព្ទដៃ និងការបូបលុយក្នុងស្តង់លក់ទំនិញនៅកន្លែងតាំងពិព័រណ៌ ត្រង់ចំណុចសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ស្ថិតនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះ កម្លាំងជំនាញក៏បានបើកការស៊ើបអង្គេតស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតរកឃើញជនសង្ស័យចំនួន៣នាក់កំពុងស្នាក់នៅក្នុងផ្ទះជាមួយឈ្មោះ ម៉ៅ សំរស់ ។

តាមប្រភពដដែលបានបន្តទៀតថា ដោយមានការសម្របសម្រួលពីលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក៏បានឆែកឆេរផ្ទះខាងលើ រកឃើញទូរស័ព្ទដៃដែលបាត់ចំនួន២គ្រឿង, កាតគ្រីរថយន្ត១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក និងម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន១កញ្ចប់តូច ។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យចំនួន៤នាក់ទៅកាន់ស្នងការដ្ឋាននគរបាល ដើម្បីធ្វើការសាកសួរ និងធ្វើតេស្តសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវីធីជាបន្តទៀត៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/