ធ្វើសកម្មភាពបានសម្រេច តែគេចមិនរួច លុះចាប់ខ្លួនសារភាពថាជាមន្ត្រីនគរបាល
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿងបានសម្រេច ប៉ុន្តែគេចមិនរួច ដោយសារម្ចាស់ឃើញទាន់ហើយស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបាន រួចវាយ បណ្ដាលឲ្យរងរបួសបែកមុខហូរឈាមកក្លាក់ ប៉ុន្តែអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលថែមទៀតនោះ គឺក្រោយពីចាប់ខ្លួនបានហើយ ជនសង្ស័យបានសារភាពថាខ្លួនគឺជាមន្ត្រីនគរបាលមានឋានន្តរស័ក្ដិជាអនុសេនីយ៍ត្រី (ស័ក្ដិ១) ផ្នែកភស្តុភាក្រសួងមហាផ្ទៃ ដោយមានទាំងអត្តសញ្ញាណប័ណ្ណនគរបាលជាតិនៅជាប់ខ្លួនថែមទៀតផង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ ក្បែរសួនកាណាឌីយ៉ា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លុន ភារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅក្នុងភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយឡែកឈ្មោះនៅក្នុងអត្តសញ្ញាណប័ណ្ណនគរបាលជាតិក៏ឈ្មោះលុន ភារិទ្ធ នេះដែរ ហើយក្រោយពេលចាប់ខ្លួន ក្រៅពីរកឃើញអត្តសញ្ញាណប័ណ្ណនគរបាលជាតិនៅជាប់ខ្លួន ក៏មានឧបករណ៍សម្រាប់កាច់សោម៉ូតូផងដែរ។

ជនសង្ស័យម្នាក់នេះបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FH-៣៣៧៨ ជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ ឈិន លក្ខណា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះ ភួង ផល្លី អាយុ៣២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើត នៅក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ ក្រោយពីត្រឡប់មកពីដឹកអីវ៉ាន់នៅផ្សារជម្ពូវ័នវិញ ស្ត្រីជាម្ចាស់ម៉ូតូបានចតម៉ូតូទុកនៅជិតកន្លែងលក់ដូរ បន្ទាប់មកគាត់បានដើរចូលទៅក្នុងផ្ទះ លុះមួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យចូលទៅធ្វើសកម្មភាពកាច់សោកម៉ូតូ ។ លុះធ្វើសកម្មភាពបានសម្រេចបម្រុងជិះចេញគេចខ្លួនដែរ ប៉ុន្តែត្រូវបានស្ត្រីជាម្ចាស់ម៉ូតូឮសំឡេងម៉ូតូមានការសង្ស័យបានចេញមើលឃើញជនសង្ស័យកំពុងតែជិះម៉ូតូរបស់គាត់ ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ។ ភ្លាមៗនោះអ្នកភូមិបាននាំគ្នាជួយអន្តរាគមន៍ចាប់បានជនសង្ស័យ រួចវាយម្នាក់១ដៃម្នាក់១ជើង បណ្តាលឱ្យរងរបួសបែកមុខបែកមាត់ ទើបប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ធ្វើការសាកសួរនិងចាត់ការតាមច្បាប់។
តាមប្រភពព័ត៌មានបានបន្តទៀតថា ក្រោយសួរនាំ ជនសង្ស័យបានសារភាពប្រាប់នគរបាលប៉ុស្តិ៍ចោមចៅទី១ថា ខ្លួនជាមន្ត្រីនគរបាលផ្នែកភស្តុភារនៅក្រសួងមហាផ្ទៃមានឋានន្តរស័ក្ដិអនុសេនីយ៍ត្រី ខណៈនោះនគរបាលអត់ជឿទេ ហើយក៏បានធ្វើការឆែកឆេររកឃើញអត្តសញ្ញាណប័ណ្ណនគរបាលជាតិ២សន្លឹកនៅជាប់ខ្លួនដែលមានឈ្មោះលុន ភារិទ្ធ និងមានរូបថតត្រឹមត្រូវថែមទៀតផង។
ទោះបីជាបែបណា នៅមិនទាន់ដឹងថា តើជនសង្ស័យនេះគឺមន្ត្រីនគរបាលពិតប្រាកដឬបែបណានៅឡើយទេ ហើយក្រៅពីកាតនគរបាល និងឧបករណ៍សម្រាប់កាច់សោកម៉ូតូក៏នៅមានរូបថត១កំណាត់ខ្លួនចំនួន២សន្លឹកទៀត ដែលក្នុងនោះ១សន្លឹកជារូបថតនគរបាល និង១សន្លឹកទៀតជារូបថពាក់អាវធំ។ ទោះបីជាបែបណា នគរបាលកំពុងបន្តធ្វើការនាំសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/