ធ្វើស៊ីផ្លូវអារម្មណ៍ប៉ូលិសបាត់ទារ1000$សង100$ប៉ូលិសយាមរថយន្តពេញ១យប់
រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័របើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសបើកបរដោយបុរសជនជាតិចិនពីក្រោយបណ្តាលឱ្យខ្ទេចគូទក្រោយធ្វើការចរចាគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានហៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញមកយកទៅរក្សាទុក បែរជាអត់ព្រមមកយក ទុកឲ្យសមត្ថកិច្ចមូលដ្ឋានម៉ូម៉ៅដោយសារតែត្រូវឈរយាមរថយន្តទាំងពីរគ្រឿងខាងលើពេញមួយយប់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ ចំណុចស្តុបសេះមាស ផ្លូវវេងស្រេង កែងនិងផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញជនជាតិចិនម្នាក់បានបើករថយន្ត ម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2B 5484 ធ្វើដំណើរតាមបណ្ដោយផ្លូវ វេងស្រេងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឡើងទៅផ្លូវ៣០ម៉ែត្រ ខណៈរថយន្តបត់បានបន្តិចក៏ស្រាប់តែមានបុរសជាជនជាតិខ្មែរបើករថយន្តសណ្តោងកុងតឺន័រម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3C 2604 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ខ្វះការប្រុងប្រយ័ត្ន ក៍ជ្រុលទៅបុកគូទរថយន្ដតូយូតាព្រូសពីក្រោយពេញទំហឹង បណ្តាលរថយន្តតូយ៉ូតា ព្រូសបត់ក្បាលកាត់ទទឹងផ្លូវរងការខូចខាតខ្ទេចគូទក្រោយ តែសំណាងល្អមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ ។

ដោយឡែកខាងរថយន្តសណ្តោងកុងតឺន័រវិញរងការខូចខាតក្រពិតផ្នែកខាងមុខចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្សដូចគ្នា ហើយហេតុការណ៍នេះដែរគឺធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងព្រោះតែរថយន្តទាំងពីរឈប់នៅកណ្តាលផ្លូវដើម្បីរង់ចាំតំណាងមកដោះស្រាយ ។

ក្រោយពេលកើតហេតុមានតំណាងទាំងសងខាងមកធ្វើការចរចាគ្នាជាច្រើនម៉ោងនៅតែ មិនត្រូវគ្នា ដោយសារខាងរថយន្តរងគ្រោះទាមទារសំណង១០០០ដុល្លារ តែខាងរថយន្តបង្កសង១០០ដុល្លារ ទើបការចរចាមិនត្រូវគ្នា សមត្ថកិច្ចមូលដ្ឋានបានឲ្យរថយន្តទាំងពីរ គ្រឿងអែបចិញ្ចើមផ្លូវរង់ចាំជំនាញចុះមកយករថយន្តទាំងពីរគ្រឿងទៅធ្វើការដោះស្រាយ នៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។

ស្រាប់តែសមត្ថកិច្ចជំនាញមិនព្រមមកយករថយន្តទាំងពីរគ្រឿងទៅសោះទុកឲ្យសមត្ថកិច្ចមូលដ្ឋាននៅឈរយាមរថយន្តទាំងពីរ គ្រឿងខាងលើអត់ងងុយពេញមួយយប់ រហូតដល់ព្រឹកនៅតែមិនឃើញសមត្ថកិច្ចជំនាញ មកយកទៀត ធ្វើឲ្យសមត្ថកិច្ចខឹងម៉ួម៉ៅដោយសារត្រូវឈរនៅកន្លែងកើតហេតុពេញមួយយប់ ចំណែកអ្នកបើកបររថយន្តកុងតឺន័រចូលដេកក្នុងរថយន្តបាត់ រីឯខាងជនជាតិចិនក៏ ចូលក្នុងរថយន្តដែរ រង់ចាំជំនាញមកយកទៅដោះស្រាយបន្តទៀត ៕
ប្រភព៖ https://kohsantepheapdaily.com.kh/