នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបុរសម្នាក់ក្នុងករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ អនុវត្តតាមច្បាប់
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះ យូ លំផាន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅស្នាក់នៅវត្តកណ្ដាល ភូមិរំចេក៤ សង្កាត់រតន:ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតបានកង្ហាធំចាប់ជញ្ជាំងចំនួន០៤ឈុត ពិលតូចចំនួន០១ និងកូនកាំបិតចំនួន០១ រួចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវ ។
សូមជម្រាបជូនថា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះហាង ប៊ុនរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងមកសមត្ថកិច្ចនគរបាលថាមានករណីអំពើលួច ទ្រព្យសម្បត្តិរបស់គាត់ នៅចំណុចហាងអាលីបាបា ស្ថិតនៅភូមិរំចេក៤ សង្កាត់រតន:ក្រុងបាត់ដំបង ខេត្តបាត់ដំបងបាត់បង់នូវកង្ហាធំចាប់ជញ្ជាំងចំនួន០៤ឈុតដោយសារជនសង័្សយធ្វើសកម្មភាពគាស់ទម្លុះ ទម្លាយរបងចូលយក។ផ្តើមពីបញ្ហានេះទើបសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅឃាត់ខ្លួនជនសង័្សយខាង លើនិងដកហូតបានសម្ភារៈមកប្រគល់ជូនជនរងគ្រោះវិញ។
នៅពេលនេះនគរបាលក្រុងបានបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ រីឯសម្ភារៈរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញហើយ៕