នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធអំពើចោរកម្ម

ខេត្តព្រះសីហនុ ៖ ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីចោរកម្ម ក្នុងនោះមានជនសង្សយ័ចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះរួចលួចយកទូរសព្ទ័ចំនួនប្រហែល១០០គ្រឿង និង Laptop ចំនួនប្រហែល ១០គ្រឿង កាលពីថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១:៣០​នាទីរំលងអាធ្រាតនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣​ ក្រុង​-ខេត្ត​ព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ Wen Qiu Long ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួសជុលទូស័ព្ទ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៩​:៤០នាទី​ ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់​ជាបន្តបន្ទាប់ នៅចំណុច​ភូមិ​៣ សង្កាត់៤​ ក្រុង​-ខេត្ត​ព្រះសីហនុ ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម៖

១-ឈ្មោះ សាំ សៅ ហៅអាត្រេន អាយុ១៦ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

២-ឈ្មោះ ង៉ែត ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកទទួលបញ្ញើរក្សាទុកទូរសព្ទ័ពីឈ្មោះ សាំ សៅ ចំនួន៥០គ្រឿងនិង Laptop ១គ្រឿង ។

៣-ឈ្មោះ ចាន់ ហួត ភេទ ប្រុស២៣ឆ្នាំ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖

១-ទូរសព្ទ័ដៃ ចំនួន៥៩គ្រឿង ម៉ាកអាយហ្វូន៤៨គ្រឿង និងម៉ាកផ្សេងៗ១១គ្រឿង ។

២-កុំព្យូទ័រយួរដៃ១គ្រឿង ម៉ាក Lenovo ពណ៌ខ្មៅ ។

៣-ម៉ូតូ១គ្រឿងម៉ាក Beat ពណ៌ខៀវ+ស ជាមធ្យោបាយធ្វើសកម្មភាព ។

ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចទូរសព្ទ័នៅទីតាំងខាងលើប្រាកដមែន ហើយចែកគ្នាជា៣ចំណែក ។ បន្ទាប់មកឈ្មោះ សាំ សៅ ហៅ អា ត្រេន បានយកទូរសព្ទ័ចំនួន៥០គ្រឿង និង Laptop ១គ្រឿង ជាចំណែករបស់ខ្លួន ទៅផ្ញើទុកនៅឈ្មោះ ង៉ែត ពិសី សិនដើម្បីលក់ និងបានខ្ចីលុយចំនួន២០០ដុល្លារ ពីឈ្មោះ ង៉ែត ពិសី ចាំលក់ទូរស័ព្ទអស់ទើបសងលុយអោយវិញ ។ ចំណែកជនសង្ស័យឈ្មោះ ង៉ែត ពិសី បានសារភាពថាខ្លួនពិតជាបានទទួលទូរសព្ទ័ចំនួន ៥០គ្រឿង និង Laptop ១គ្រឿង ពីឈ្មោះ សាំ សៅ ហៅអាត្រេន ប្រាកដមែន ចង់លក់៧០០ដុល្លារ តែដោយសារទូរសព្ទ័មានខូចខ្លះ ខ្លួនបានអោយលុយចំនួន២០០ដុល្លារ ទៅឈ្មោះ សាំ សៅ ហៅ អាត្រេន ចាយសិនហើយទូរសព្ទ័ទាំងអស់ទុកនៅខ្លួនសិន ។

បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online