នគរបាលស្រុកគិរីវង់បង្រ្កាបការដាំដំណាំកញ្ឆាខុសច្បាប់ នៅចំនុចលើភ្នំំ…

ខេត្តតាកែវ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសរាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក វរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន លោក វរសេនីយ៍ឯក មាស ទេន ស្នងការរងទទួលផែនការងារសន្តិសុខ និងលោក វរសេនីយ៍ឯក ព្រហ្ម វាសនា ស្នងការរង ទទួលការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំកម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះបង្រ្កាបការដាំដំណាំកញ្ឆាខុសច្បាប់ នៅចំនុចលើភ្នំគុហាចិន ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ លទ្ធផលបង្ក្រាបបានរួមមាន៖ កាប់កម្ទេចដុតបំផ្លាញដំណាំកញ្ឆាបានចំនួន ០៧ទីតាំង លើផ្ទៃដីដាំដុះសរុប ៤១២ ម៉ែត្រការ៉េ បំផ្លាញអាងស្តុបទឹកចំនួន០៧ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងខាងលើដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕