នគរបាលស្រុកតាលោសែនជ័យធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន ក្មេងទំនើង០៣នាក់ ក្នុងចំនោមបក្ខពួក១៧នាក់ គ្រាធ្វើសកម្មភាពកាប់គ្នានៅតាមដងផ្លូវសាធារណៈ

សមត្ថកិច្ចនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកតាលោសែនជ័យ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន ក្មេងទំនើង០៣នាក់ ក្នុងចំនោមបក្ខពួកចំនួន១៧នាក់ ក្រោយបង្កការអុកឡុក បណ្តាលឲ្យអសន្តិសុខ នៅតាមដងផ្លូវសាធារណៈ នៅចំណុចខាងលិចសាលាវិទ្យាល័យហ៊ុនសែន បាក់ចិញ្ចៀន ឆ្ពោះមកភូមិតាសាស់ ឃុំផ្ទះរុង កាលពីវេលាម៉ោង ១៥ នឹង០៥នាទី ថ្ងៃអង្គារ៍ ទី២៩ ខែមីនា ឆ្នាំ ២០២២ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានតាមរយៈទូរសព្ទពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន ថាមានក្មេងទំនើងមួយក្រុម មានគ្នាប្រហែល ១៥នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង ដោយមានកាន់កាំបិតនិងដំបងតាមផ្លូវសាធារណៈនៅចំណុចខាងលើ លោកបានចាត់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន០៤នាក់ សហការជាមួយកម្លាំងអធិការចំនួន ០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សំ គ្រៀន ឋានៈ នាយប៉ុស្តិ៍ផ្ទះរុងស្ដីទី បានចុះអន្តរាគមន៍។

ដោយ ស្ទាក់តាមផ្លូវដល់ចំណុចប្រឡាយថ្នល់ទទឹង ស្ថិតនៅភូមិស្តុកខ្ទុំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានឃាត់ម៉ូតូមួយគ្រឿងនិងជនសង្ស័យ ០៣នាក់ ទី១ឈ្មោះ ឈិន វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ទី២ឈ្មោះ ផាត សុផែន ភេទប្រុស អាយុ ២៤ឆ្នាំ នឹង ទី៣ឈ្មោះ ស៊ីវិសាល ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំងបីមានទីលំនៅក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យថែមទាំងដកហូតវត្ថុតាងរួមមាន កូនពូថៅដងដែកចំនួន០១ កាំបិតផ្គាក់ចំនួន ០១ ជំពុះទង់ចំនួន០១នឹង ម៉ូតូចំនួន០២គ្រឿង ទី១ម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ នឹងទី២ម៉ូតូម៉ាកហុងដា ទ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ សៀមរាប1B-6019 រីឯបក្សពួករបស់ជនសង្ស័យខាងលើ បានជិះម៉ូតូរត់គេចខ្លួនអស់ ។

លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើយើងបានបញ្ជូនមកកាន់អធិការស្រុកតាលោសែនជ័យដើម្បីសួរនាំបន្ត ។

ក្រោយពីការសួរនាំជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពការពិតប្រាប់សមត្ថកិច្ចថា ខ្លួនមានបក្សពួកចំនួន១៧នាក់ បានណាត់គ្នាតាមទូរសព្ទជាមួយសិស្សសាលាវិទ្យាល័យឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញធ្វើសកម្មភាពកាប់គ្នានៅតាមដងផ្លូវជាញឹកញាប់ ដោយបក្ខពួកខ្លះធ្លាប់បានត្រូវសមត្ថកិច្ច ធ្វើការអប់រំមួយលើករណីបង្ករបួសស្នាម ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនបានប្រើប្រាស់នូវសារធាតុញៀនសមត្ថកិច្ចយើងបានធ្វើតេស្តជនសង្ស័យទាំង ០៣នាក់ជាលទ្ធផលអវិជ្ជមាន។

ចំពោះជនសង្ស័យទាំងបី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធ្វើការស្រាវជ្រាវសួរនាំបន្ត និងបំពេញនីតិវិធីតាមច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online