នគរបាលស្រុកភ្នំព្រឹករៀបចំសំណុំរឿងបញ្ជូនមុខសញ្ញាជាមេខ្យល់ម្នាក់មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់
កាលពីថ្ងៃ សុក្រ ៦កើត ខែ មិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទី នៅចំណុចច្រកទ្វារព្រំដែលអូររំដួល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានទទួលប្រជាពលរដ្ឋ ដែលលួចឆ្លងដែនដោយខុសច្បាប់ចំនួន ១៩នាក់ ស្រី ១៤នាក់(ក្មេងតូច ០៤នាក់ ស្រី០៤នាក់) ពីកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោករួមជាមួយកម្លាំង ផ្នែកសឹករងស្រុកភ្នំព្រឹក និងកម្លាំងការិយាល័យទំនាក់ទំនងច្រកទ្វារព្រំដែនតំបន់អូររំដួល ដែលបានឃាត់ខ្លួនពួកគាត់ក្នុងខណៈដែលមានមុខសញ្ញាជាមេខ្យល់នាំពួកគាត់ឆ្លងដែន ចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ។
នៅពេលសាកសួរស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកបានរកឃើញជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សុខ ដា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពាក់ព័ន្ធករណី នាំចេញ ដោយ មិនស្របច្បាប់សម្រាប់ឆ្លងដែន ។
នៅពេលនេះជនសង្ស័យ ខាងលើសមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់រីឯប្រជាពលរដ្ឋផ្សេងទៀតបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយធ្វើការអប់រំណែនាំរួចមក ៕