នគរបាលស្រុកសំរោងទង បានឃាត់ក្មេងទំនើង៤នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្ករអសន្ដិសុខ
ស្នងការនគរបាលជាតិ៖ ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាលស្រុកសំរោងទងបានឃាត់ខ្លួនក្មេងទំនើង៤នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្ករអសន្ដិសុខសង្គម និងអញ្ជើញអាណាព្យាបាលមកធានានិងអប់រំផងដែរ។
ក្មេងទំនើងមានឈ្មោះ ងាន ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ជាអ្នកបើកម៉ូតូ និងឈ្មោះ សន មករា ភេទប្រុស អាយុ១៧ឆ្នាំ អ្នកជិះក្រោយ ។ ទាំងពីរនាក់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ពាក់ព័ន្ធករណីជិះបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង មុខរោងចក្រ ឃីង លាន ស្ថិតក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ កំពង់ស្ពឺ1O.8004 ។
ចំណែកនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃខែដដែល កម្លាំងនគរបាលបានឃាត់ក្មេងទំនើង២នាក់ទៀត ឈ្មោះ វ៉ាង ប៊ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរជាងកាត់សក់ ជាអ្នកបើកម៉ូតូ និងឈ្មោះ តុញ ផល្លី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន មុខរបរជាងកាត់សក់ អ្នកជិះពីក្រោយ ឃាត់នៅចំណុចផ្លូវជាតិលេខ៤ បង្ហោះចន្លោះគីឡូម៉ែត្រ៥២និង៥៣នាទី ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ដោយឃាត់ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៍ស លេខ កំពង់ស្ពឺ1L.2500 ។
ករណីនេះ កម្លាំងជំនាញ បានសាកសួរ និងពិនិត្យមុខសញ្ញាពាក់ព័ន្ធសកម្មភាពកន្លងមកនិងបន្ដនីតិវិធី៕