នគរបាលកំពុងតែសាកសួរបុរស ២ នាក់ ពីបទសង្ស័យសម្លាប់បុរសម្នាក់
ជនសង្ស័យពីបទសម្លាប់បុរសម្នាក់កំពុងត្រូវសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ រូបថត នគរបាល
កំពង់ស្ពឺៈ បុរស ២ នាក់ ដែលជាប់សង្ស័យក្នុងអំពើឃាតកម្មលើបុរសម្នាក់កាលពីម្សិលមិញកំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បន្ទាប់ពីកម្លាំងនគរបាលស្រុកសំរោងទងបានចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃពុធនៅចំណុចការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុក្នុងភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង។
លោក ឃុត សុផល អធិការស្រុកសំរោងទងបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោក សាន សឿន អាយុ ៥៤ ឆ្នាំ ជាកម្មករខួងដីនៃក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុមានទីលំនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងអ្នករួមការងាររបស់គាត់ម្នាក់ឈ្មោះ សំ ភាព អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិស្រែវាល ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ បន្ទាប់ពីពួកគេបានរត់គេចខ្លួនអស់រយៈពេល ៨ ម៉ោងក្រោយធ្វើសកម្មភាពព្រួតគ្នាវាយសម្លាប់បុរសម្នាក់ឈ្មោះ រឿន សារិទ្ធ អាយុ ២៤ ឆ្នាំមានទីលំនៅភូមិ-ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក សុផល បញ្ជាក់ថា៖ «ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង ២ ត្រូវបានកម្លាំងនគរបាលជំនាញនាំយកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់»។
ជុំវិញករណីនេះលោក សម ស័ក្ដិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយការសាកសួរ ជនសង្ស័យឈ្មោះ សំ ភាព បានឆ្លើយបដិសេធថា គាត់មិនបានចូលរួមវាយសម្លាប់ជនរងគ្រោះនោះទេ ប៉ុន្តែបានសារភាពថា គាត់បានជួយសែងសពជនរងគ្រោះយកទៅបោះចោលក្នុងប្រឡាយទឹកក្បែរការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ។
លោក ស័ក្ដិ បានប្រាប់ដោយលើកយកសម្រង់សម្ដីផ្ទាល់របស់ជនសង្ស័យឈ្មោះ សំ ភាព មកបញ្ជាក់ថា៖ «ខ្ញុំមិនបានដឹងថានរណាវាយសម្លាប់ជនរងគ្រោះនោះទេ ប៉ុន្តែនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ឈ្មោះ សាន សឿន បានមកប្រាប់ខ្ញុំថា មានមនុស្សម្នាក់ស្លាប់នៅក្នុងការដ្ឋាន ហើយសុំឲ្យខ្ញុំជួយសែងសពជនរងគ្រោះទៅបោះចោល ដើម្បីកុំឲ្យមានបញ្ហាដល់ក្រុមហ៊ុន»។ លោកបន្តថា លោក និងឈ្មោះ សឿន បានសែងសពជនរងគ្រោះទៅបោះចោលនៅក្នុងប្រឡាយទឹកដែលមានចម្ងាយប្រមាណ ៥០ ម៉ែត្រពីការដ្ឋាន។
លោក ស័ក្តិ បន្តថាចំណែកជនសង្ស័យឈ្មោះ សាន សឿន ក៏មិនបានសារភាពថា បានសម្លាប់ជនរងគ្រោះនោះដែរ ប៉ុន្តែបាននិយាយថាកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ជនរងគ្រោះបានចូលបង្ករឿងជាមួយពួកគេនៅក្នុងការដ្ឋានធ្វើឲ្យកម្មករជាច្រើនមានការខឹងសម្បា។
លោកនិយាយទៀតថា នៅពេលសាកសួរថា បើមិនបានសម្លាប់ជនរងគ្រោះ ហេតុអ្វីចាំបាច់រត់គេចខ្លួន? សាន សឿន បានឆ្លើយថា ខ្លាចអ្នកភូមិលើកគ្នាមកស្ទាក់វាយសម្លាប់ពួកគាត់ព្រោះនៅពេលពួកគាត់នាំគ្នាសែងសពជនរងគ្រោះទៅបោះចោលក្នុងប្រឡាយទឹកនោះមានអ្នកភូមិ ៣-៤ នាក់ បានឃើញហើយបានស្រែកសន្ធាប់ដោយចោទប្រកាន់ពួកគាត់ថា ជា «ឃាតករ»។
លោក ស័ក្ដិ បញ្ជាក់ថា៖ «នៅពេលនេះមន្ត្រីនគរបាលជំនាញយើងនៅមិនទាន់បញ្ចប់នីតិវិធីនៃការសួរចម្លើយជនសង្ស័យទាំង ២ នៅឡើយទេ។ ទោះជាបែបនេះក្ដីជនសង្ស័យទាំង ២ មិនអាចគេចផុតពីការជាប់សង្ស័យក្នុងអំពើឃាតកម្មនេះទេ»។
កាលពីម្សិលមិញលោក ឆាយ គឹមសាន ប្រធានភូមិវល្លិសរបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនរងគ្រោះជាមនុស្សធ្លាប់ជាប់គុក ២ ឆ្នាំពីបទប្រើប្រាស់គ្រឿងញៀន និងប្រើហិង្សាក្នុងគ្រួសារ។ ជនរងគ្រោះទើបត្រូវដោះលែងពីពន្ធនាគារបានជាង ២ ខែប៉ុណ្ណោះ ប៉ុន្តែនៅតែបន្តផឹកស្រា និងប្រើប្រាស់គ្រឿងញៀនដដែល និងចូលចិត្តបង្ករឿងជាមួយអ្នកភូមិ៕
ប្រភព៖ https://www.postkhmer.com/