នគរបាលឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រា ប្រើអំពើហិង្សាលើកូនប្រុសអាយុ៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ
បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹង បានប្រើហិង្សាយកខ្សែក្រវាត់វាយកូនអាយុ០៥ឆ្នាំ របួសពេញខ្លួន ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ចាប់ខ្លួនប្រគល់ឲ្យនគរបាលស្រុកថ្មពួក ។
ហេតុការណ៍នៃអំពើហិង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនបង្កជាឪពុកបង្កើតឈ្មោះ ថា សុភ័ក្រ អាយុ៣១ឆ្នាំ និងកូនប្រុសជាជនរងគ្រោះឈ្មោះ សុខ ភក្តី អាយុ០៥ឆ្នាំ ទាំង០២នាក់ឲ្យកូនរស់នៅភូមិត្រពាំងសំរោង ឃុះគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា ជនបង្កជាមនុស្សញៀនស្រា និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានប្រពន្ធលែងលះរយៈពេល០៥ឆ្នាំមកហើយ ដោយទុកកូនខាងប្តីជាអ្នកមើលថែ ។ នៅមុនពេលកើតហេតុ ជនបង្កជាឪពុកបានផឹកស្រាស្រវឹង ហើយបានយកខ្សែក្រវាត់វាយទៅលើកូនរបស់ខ្លួនមានអាយុ០៥ឆ្នាំ បណ្តាលឲ្យមានស្លាកស្នាមជាំពេញខ្លួន ។
ដោយឃើញពីទង្វើដ៏អាក្រក់នេះ ក៏ត្រូវបានអ្នកជិតខាងជួយឃាត់ និងមានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ បានឃាត់ខ្លួនជនបង្កយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយដែរ ៕