នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម មានបំណងបើកច្រកព្រំដែនអន្តរជាតិ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ៤៥ឆ្នាំក្រោយដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានកិច្ចការជាច្រើនបានវិវត្តរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយនាពេលខាងមុខ កម្ពុជា-វៀតណាម មានបំណងបើកច្រកទ្វារព្រំដែនអន្តរជាតិមួយទៀត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតី ខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩​៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀណាមថា ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ជាប់ព្រំដែនកម្ពុជា-វៀតណាម ក៏ត្រូវបានរៀបចំឡើងដោយដឹកនាំធ្វើពីសំណាក់រដ្ឋាភិបាល​វៀត​ណាម និងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ សម្ដេចតេជោ និងនាយករដ្ឋមន្ត្រីវៀតណាម ​មានគម្រោងថា នៅពេលខាង​មុខ នឹងអាចបើកច្រកនៅតំបន់នោះ ជាច្រកអន្តរជាតិមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងត្រូវបំពេញកិច្ចការមួយចំនួន ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបើកច្រកព្រំដែន ឲ្យទៅជាច្រកព្រំដែនអន្តរជាតិ»។ សម្ដេចតេជោ​ ហ៊ុន សែន បានលើកឡើងទៀតថា ប្រសិនបើមានការបើកច្រកព្រំដែនអន្តរជាតិ នៅតំបន់នេះ ធ្វើឲ្យប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានទំនាក់ទំនងកាន់តែជិតស្និត ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងតែមានការរីកចម្រើនជាខ្លាំង៕