នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា

តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម ដាតុ ស្រុី អុីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញដាក់កម្រងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online