នាយករដ្ឋមន្ត្រីឡាវ សម្តែងការដឹងគុណ និងថ្លែងអំណរគុណកម្ពុជា ដែលតែងតែជួយឡាវនៅគ្រាលំបាក

ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តែងនូវការដឹងគុណដល់កម្ពុជា ដែលតែងតែជួយឡាវនៅគ្រាលំបាក។

យោងតាមលិខិត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ផនខាំ វីផាវ៉ាន់ បានបញ្ជាក់ថា ៖ «ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រ ជូនចំពោះ សម្តេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ក្នុងឱកាសដែលខ្ញុំបានទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ និងការផ្ដល់ជំនួយចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ រួមមានថវិកាចំនួន ១៣លានដុល្លារអាមេរិក វ៉ាក់សាំងចំនួន ៥០០ ០០០ដូស និងរថយន្ត ដឹកវ៉ាក់សំាងចំនួន ១៣គ្រឿង។ ថ្ងៃនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន-ត្រពាំងក្រៀល មានពិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំង ចំនួន ១០គ្រឿងបន្ថែមទៀត បន្ទាប់ពីមានពិធីប្រគល់-ទទួលនូវរថយន្តដឹកវ៉ាក់សាំង ចំនួន ០៣គ្រឿង កាលពីចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ»។

ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ បានបន្ថែមថា ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលផ្ដល់ជំនួយចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាពិសេសក្នុងពេលដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយកម្ពុជាខ្លួនឯងនៅតែមានទឹកចិត្ត ដោយបានផ្ដល់ជំនួយដូចបានជម្រាបជូនខាងលើដល់ឡាវ ដែលជាផ្នែកមួយនៃការចូលរួមជួយឱ្យយើងខ្ញុំអាចឈានទៅសម្រេចគោលដៅនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋឡាវ តាមការគ្រោងទុក។

ជំនួយដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញឱ្យឃើញនូវសេចក្ដីព្រួយបារម្ព ការយកចិត្តទុកដាក់ និងទឹកចិត្តជ្រះថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាសរបញ្ជាក់នូវទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល សាមគ្គីភាពជាប្រពៃណីដែលមានជាយូរលង់មកហើយ និងកិច្ចសហការក្នុងនាមប្រទេសភូមិផងរបងជាមួយ ក្នុងស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេររឹងមំារវាងប្រទេសយើងទាំងពីរឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កាជានិរន្តរ៍។

សូមរម្លឹកថា មិនត្រឹមតែឡាវនោះទេ កម្ពុជាក៏បានផ្តល់ជំនួយជាថវិកា ម៉ាស និងសម្ភារវេជ្ជសាស្ត្រជាច្រើន ដល់ប្រទេសក្នុងតំបន់រួចមកហើយ មានដូចជា សហភាពមីយ៉ាន់ វៀតណាម ទីម័រឡេសស្តេ ជាដើម៕

ប្រភព÷ APK

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online