នាយករដ្ឋមន្រ្តីនៃ​ព្រះរាណាចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញការកសាងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន (Expressway) តភ្ជាប់ពីភ្នំពេញ-បាវិត ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Railway International Group., Ltd ក្រោមក្របខណ្ឌសាងសង់-ធ្វើអាជីវកម្ម។

សេចក្តីសម្រេចនេះត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ ដែល មានសមាសភាព ១៧ រូប ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន និងមន្ត្រីក្រសួងស្ថាប័ន និងអភិបាលខេត្តពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ។

គណៈកម្មការនេះ មានភារកិច្ចពិនិត្យ និងផ្តល់យោបល់អំពីនិតិវិធីក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿននេះ ឱ្យសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ- ក្រុងបាវិត។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកនេះថា ក្រសួងបានចុះកិច្ចព្រមព្រៀង ក្របខណ្ឌរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន China Railway International Group Co., Ltd ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

លោកបន្តថា “ក្រុមការងារកាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយ លោក ងៀន វ៉ាន់ថេ រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញការវិនិយោគលើការសាងសង់ និងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ”។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ធ្លាប់ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ៣,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លូវល្បឿនលឿន ជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុត ក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។

គម្រោងសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រា ប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋាន សម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធនធ្ងន់៕

By : Bonny From: Property area