នាវាដឹកប្រេងមួយគ្រឿង ដែលឆេះក្នុងមហាសមុទ្រឥណ្ឌា ត្រូវបានគេពន្លត់ និងសណ្តោងយកទៅទឹកជ្រៅ

នាវាដឹកប្រេង មួយគ្រឿងបានជួបគ្រោះអគ្គីភ័យ នៅក្នុងមហាសមុទ្រឥណ្ឌា មិនឆ្ងាយប៉ុន្មានពីស្រីលង្កា កាលពីថ្ងៃសុក្រទី៤កញ្ញា។ ភ្លាមនោះ មានការព្រួយបារម្ភជាខ្លាំង អំពីគ្រោះថ្នាក់ អាចធ្លាយប្រេងឆៅរាប់សែនតោន ទៅក្នុងសមុទ្រ។ ប៉ុន្តែយោងតាមការអះអាង របស់កងទ័ពជើងទឹកស្រីលង្កា និងឆ្មាំសមុទ្រឥណ្ឌា គឺគេបានពន្លត់អគ្គីភ័យលើនាវានោះហើយ និងបានអូសសណ្តោងវាយកទៅទឹកជ្រៅ ដើម្បីបញ្ចៀសកុំឲ្យកឿងក្រឡាប់លិច។
ឆ្មាំសមុទ្រឥណ្ឌា និងកងទ័ពជើងទឹកស្រីលង្កា បានបញ្ជាក់នៅថ្ងៃទី៥កញ្ញាថា អគ្គីភ័យលើនាវាដឹកប្រេង ត្រូវបានពន្លត់បានហើយ ហើយគេបានអូសសណ្តោងនាវានោះ យកទៅឆ្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីឆ្នេរស្រីលង្កា ដើម្បីឲ្យវាស្ថិតនៅក្នុងតំបន់ទឹកជ្រៅ។ កងទ័ពជើងទឹកស្រីលង្កា អះអាងថា គេមិនបានរកឃើញ ថាមានប្រេងឆៅ លិចធ្លាយពីនាវា ចូលក្នុងសមុទ្រទេ។
សូមបញ្ជាក់ថា នាវាដឹកប្រេង New Diamond ដោតទង់ប៉ាណាម៉ា ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន Porto Emporios Shipping Inc ចុះបញ្ជីនៅប្រទេសលីបេរីយ៉ា។ នាវាប្រវែង៣៣០ម៉ែត្រនេះ មានផ្ទុកប្រេងឆៅ ចំនួន២៧០០០០តោន និងប្រេងម៉ាស៊ូតចំនួន ១៧០០តោន។ នាវានេះ បានហៅជំនួយបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានហេតុការណ៍ ផ្ទុះនៅក្នុងបន្ទប់ម៉ាស៊ីន ហើយបានបណ្តាលឲ្យស្លាប់នាវិកជនជាតិហ្វីលីពីនម្នាក់។ នាវិករបួសធ្ងន់ម្នាក់ និងនាវិក២១នាក់ផ្សេងទៀត ត្រូវបានក្រុមសង្រ្គោះ ដឹកតាមឧត្ថម្ភាគចក្រយកទៅស្រីលង្កា។
យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ គេនៅតែមានការបារម្ភ ជាពិសេស ពីសំណាក់ អាជ្ញាធរប្រទេសម៉ាល់ឌីវ ដែលខ្លាចថា នាវាដែលរងការខូចខាតខ្លាំង ដោយការផ្ទុះនឹងអគ្គីភ័យនេះ អាចនឹងធ្លាយ ឬបាក់លិចក្នុងសមុទ្រ នាំឲ្យធ្លាយប្រេងឆៅជិត៣សែនតោននោះ ទៅក្នុងសមុទ្រ។ លោកស្រីនាយកទីភ្នាក់ងារស្រីលង្កា ដើម្បីបរិស្ថានសមុទ្រ បានលើកឡើងថា បើនាវានេះបាក់ ធ្វើឲ្យធ្លាយប្រេងចូលសមុទ្រ នោះវាពិតជាគ្រោះថ្នាក់មួយដ៏ធំបំផុត ដល់បរិស្ថានធម្មជាតិ។ លោកស្រីលើកឡើងថា អាជ្ញាធរស្រីលង្កា ពុំមានលទ្ធភាព និងសមត្ថភាព ដើម្បីទប់ទល់ទេ បើសិនជាមានរឿងដូច្នោះមែន។
ដោយឡែក នាយកមជ្ឈមណ្ឌលត្រួតពិនិត្យគ្រោះថ្នាក់សមុទ្ររបស់ស្រីលង្កា បានប្រាប់អ្នកយកព័ត៌មានបារាំងថា ស្ថានការណ៍ មិនសូវជាធ្ងន់ធ្ងរ និងបន្ទាន់ខ្លាំង ដូចអ្វីដែលគេព្រួយបារម្ភទេ។ សម្រាប់ពេលនេះ គឺមិនទាន់មានគ្រោះថ្នាក់បន្ទាន់ឡើយ ព្រោះភ្លើងមិនបានឆាបឆេះ ទៅដល់ទីតាំងស្តុកប្រេងឆៅ ក្នុងនាវាទេ។ មន្ត្រីស្រីលង្ការូបនេះអះអាងថា អាជ្ញាធរមានគម្រោង ផ្ទេរប្រេងឆៅនិងប្រេងម៉ាស៊ូត ទាំងអស់ ទៅកាន់នាវាមួយទៀត ក្នុងករណីចាំបាច់៕
By: Bonny From: https://www.rfi.fr/km