នាំគ្នាផឹកស៊ីតាំងពីថ្ងៃដល់យប់ផ្ទុះកំហឹង ម្នាក់ជាប់ខ្នោះ ម្នាក់ទៀតសង្គ្រោះបន្ទាន់
ខេត្តប៉ៃលិន ៖ នាំគ្នាផឹកស៊ីតាំងពីថ្ងៃរហូតដល់ពេលយប់ លុះស្រវឹងក៏ជជែកគ្នាពីនេះពីនោះ ក៏ឈានដល់ការទំនាស់ពាក្យសម្តីគ្នា ធ្វើឱ្យបុរសម្នាក់ទប់កំហឹងលែងបាន ក៏ស្ទុះរត់ទៅទាញកាំបិតខ្វែវប្រវែងជាង១ម៉ែត្រចូលទៅកាប់ប្រហារលើបុរសម្នាក់ទៀត បណ្តាលឱ្យរងរបួសហូរឈាមជោកខ្លួនតែម្តង ។ បន្ទាប់មកជនដៃដល់ត្រូវបានអ្នកភូមិឃើញក៏នាំគ្នារត់ទៅជួយអន្តរាគមន៍ និងប្តឹងនគរបាលឱ្យចុះមកចាប់ឃាត់ខ្លួនតែម្តង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចអូរកម្មករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ រី រុម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះឈ្មោះ កែវ សុខលី ភេទប្រុស អាយុ៣៦ឆ្នាំ ។ អ្នកទាំងពីររស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះនាំគ្នាផឹកស៊ី លុះស្រវឹងរៀងៗខ្លួន ក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យបានរត់ទៅទាញកាំបិតខ្វែវដងវែងប្រវែងជាង១ម៉ែត្រនៅក្នុងផ្ទះរបស់ខ្លួនដែលនៅក្បែរនោះយកទៅកាប់លើជនរងគ្រោះ ចំនួន២កាំបិត បណ្តាលឱ្យត្រូវចំថ្ងាស់ និងចំខ្នង រងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ។ ភ្លាមៗនោះដែរ ក៏ត្រូវបានអ្នកជិតខាងចូលទៅជួយចាប់ឃាត់ រួចប្តឹងនគរបាលប៉ុស្តិ៍ឱ្យចុះមកជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយត្រូវគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ ។ ចំណែកជនដៃដល់ត្រូវ នគរបាលចាប់ឃាត់ខ្លួន រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/