បង្ក្រាបករណីឆបោកប្រាក់តាមទូរស័ព្ទ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេសនិងបានត្រូវរង្វន់ធំ…

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្លាំងចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន១១ករណី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើនិងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរសព្ទដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឱ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វឿន សារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ៧៥ ផ្លូវ៩៩ ភូមិ០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅចំណុចផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបក្ខពួកផ្សេងៗទៀត នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅអយ្យការអមសាលាដំបូងនៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online