បង្ក្រាបករណីជួញដូរគ្រឿងញៀន បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាមទម្ងន់ជិត ២០គីឡូក្រាម

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ០១លើក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់:

១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

២.ឈ្មោះ វ៉ាន់ សុផា អាយុ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។ ចាប់យកវត្ថុតាងរួមមាន:

– ថ្នាំញៀន ប្រភេទហេរ៉ូអុីន ទម្ងន់ ៣,៥០២ ក្រាម

– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២,៩៨៦ ក្រាម

– ថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់១៣,០០០ក្រាម(សរុបទម្ងន់ ១៩.៤៨៨ គីឡូក្រាម)

– អាវុធខ្លីធុន K54 ចំនួន ០១ដើម បង់ ០១, គ្រាប់ចំនួន ០៨គ្រាប់

– ម៉ូតូ ០១គ្រឿង និងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន ០១។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online