បង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ និងដកហូតវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ

ខេត្តឧត្តរមានជ័យ÷ ដោយមានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ ចុះស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ សាង សីហាក់ ហៅគ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2014 ឡើងតែមឆ្នាំ2015 ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1C.0250 លេខតួ-លេខម៉ាស៉ីន 8904181 នៅចំណុចសាលាបឋមសិក្សាទួលស្វាយ ស្ថិតនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃ​ទី​២២ ខែកក្កដា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១១និង​ ០០​នាទី​ថ្ងៃ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនេះពិតប្រាកដមែន រួចហើយបាននាំសមត្ថកិច្ចទៅយកវត្ថុតាង ដែលខ្លួនបានយកទៅលាក់ទុកនៅក្នុងព្រៃក្បែរផ្លូវ ជិតព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ឡេង អឿន ភេទស្រី អាយុ​ ៥៨ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ ។

ករណីនេះ​ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាម​នីតិវិធី​ច្បាប់​រួចហើយ ចំណែកម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online