បង្គារជិត១០០គីឡូចាក់ចាហួយចូល ប្រើប្រាស់នូវសារធាតុគីមី ត្រូវបានហាមឃាត់ និងរឹបអូសនៅផ្សារក្តាមស្ថិតក្នុង…

ខេត្តកែប ៖ អាជ្ញាធរខេត្តកែប នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ដែលដឹកនាំដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ត្រីជំនាញបានចុះត្រួតពិនិត្យគុណភាពទំនិញ នៅតំបន់ផ្សារក្តាម ដោយពិនិត្យឃើញថា បង្គារចំនួនជិត១០០គីឡូក្រាម ដែលមានចាក់បញ្ចូលសារធាតុចាហួយ និងប្រើប្រាស់សារធាតុគីមីហាមឃាត់ នៅមានក្នុងផ្សារក្តាម និងបានដកហូតយកទៅផុតបំផ្លាញចោលផងដែរ ។ យោងតាមផេករដ្ឋបាលសាលាខេត្តកែបបានឲ្យដឹងថា រដ្ឋបាលខេត្ត បាននិងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ និងអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្នុងការធានាគុណភាពម្ហូបអារហារ និងទំនិញផ្សេងៗ តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយសហការជាមួយមន្ទីរអង្គភាពជំនាញ ប្រមូលផ្ដុំព័ត៌មាន ដើម្បីកំណត់អំពីមុខសញ្ញា និងទីតាំង ដើម្បីធ្វើការបង្ក្រាប ដោយមិនបណ្តោយទុកឲ្យមុខសញ្ញា ដែលជាឈ្មួញឆ្លៀតឱកាសធ្វើសកម្មភាពបន្លំនាំយកទំនិញអន់គុណភាព មកចរាចរលក់ក្នុងទីផ្សារខេត្តកែបបានឡើយ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការ ផ្តល់ព័ត៌មានជូនសមត្តកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងលក់ផលិតផលផ្សេងៗ ដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ៕


By: Bonny From: https://kohsantepheapdaily.com.kh