បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី ធ្វើការឃាត់ ០៤នាក់ នៅពីរទីតាំងផ្សេងគ្នា

ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ០៥.៣០នាទី បន្ទាប់ពីធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានខេត្តតាកែវយ៉ាងម៉ត់ចត់ ដោយមានការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី និងក្រាំងលាវ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី ធ្វើការឃាត់ ០៤នាក់ នៅពីរទីតាំងផ្សេងគ្នា (នៅភូមិសំរោង ឃុំសូភី និងនៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ) ។ជនសង្ស័យខាងលើមានទី១ឈ្មោះ ចាន់ សុផាន់ណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាជួញដូរ) ទី២ឈ្មោះ ហេង វ៉ាន់ដា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (មុខសញ្ញាជួញដូរ) ទី៣ឈ្មោះ កៅ សៀកឡុង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាំខ្នារ ឃុំជម្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (មុខសញ្ញាជួញដូរសារធាតុញៀន) និងទី៤ឈ្មោះ ពិន ណាវីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ៖ បានម្សៅក្រាមពណ៌សថ្លាចំនួន ២៧កញ្ចប់( តូច១៩កញ្ចប់ និងធំ០៨កញ្ចប់) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង ម៉ូតូ ០២គ្រឿង ទូរស័ព្ទ ០៣គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។