បងធ្លាយពោះ ប្អូនជាប់ខ្នោះ ព្រោះរឿងសាច់ក្លែមជ្រុះចូលទឹកកក
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ធ្លាយពោះរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជនរងគ្រោះត្រូវជនសង្ស័យជាប្អូនប្រុសបង្កើតយកកាំបិតស្នៀតចាក់ក្នុងទំនាស់ពាក្យសំដីពេលកំពុងផឹកស៊ីរឿងសាច់ក្លែមជ្រុះចូលទឹកកក។ ពាក់ព័ន្ធនឹងករណីនេះ ដំបូងឡើយក្រុមគ្រួសារបានរាយការណ៍ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់ តែក្រោយមកក៏ស្នើសុំឲ្យសមត្ថកិច្ចដោះលែងជនសង្ស័យវិញ ព្រោះពួកគាត់យល់ឃើញថា មិនចង់ឲ្យកូនម្នាក់ជាប់ពន្ធនាគារ ហើយកូនម្នាក់ទៀតដេកពេទ្យនោះទេ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិព្រៃដងទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនដៃដល់ជាប្អូនឈ្មោះជួន ណាន ភេទប្រុស អាយុ២៣ឆ្នាំ ចំណែកជនរងគ្រោះជាបង ឈ្មោះឈួន យ៉ាណា ភេទប្រុស អាយុ២៦ឆ្នាំ ។ អ្នកទាំង២ជាបងប្អូនបង្កើតនឹងគ្នារស់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បងប្អូនទាំងពីរនាក់ រួមទាំងមិត្តក្តិផ្សេងៗទៀតបាននាំគ្នាទៅផឹកស្រាបៀរអស់ជាច្រើនកេសរហូតស្រវឹងរៀងៗខ្លួន ពេលនោះមិត្តភក្តិផ្សេងៗទៀតនៅក្នុងភូមិដែលផឹកជាមួយក៏បានត្រឡប់ទៅផ្ទះអស់ ដោយនៅសល់តែជនរងគ្រោះនិងជនដៃដល់នៅបន្តផឹកជាមួយគ្នារហូតស្រវឹងនិយាយស្ដាប់គ្នាលែងបាន។
តាមប្រភពដដែលបានបន្តថា នៅពេលដែលស្រវឹង ជនដៃដល់និងជនរងគ្រោះក៏បានទាស់ពាក្យសំដីគ្នារឿងជ្រុះសាច់ក្លែមចូលទឹកកក ដោយសារតែរឿងនេះធ្វើឱ្យជនរងគ្រោះស្ដីបន្ទោសទៅលើជនដៃដល់ថាជាមនុស្សអត់គំនិត ធ្វើការងារធ្វេសប្រហែស មិនចេះប្រុងប្រយ័ត្ន ។ ក្រោយពីត្រូវរងការស្ដីបន្ទោសបែបនេះរួចមក ធ្វើឲ្យជនដៃដល់មានការខឹងសម្បាក៏រត់ឡើងទៅលើផ្ទះយកកាំបិតស្នៀត ហើយចុះមកដីវិញ ស្របពេលនោះដែរ ជនរងគ្រោះក៏រត់ទៅតាមរួចក៏មានការប្រតាយប្រតប់គ្នានៅលើកាំជណ្ដើរ ពេលនោះជនរងគ្រោះបានច្រានជនដៃដល់ទម្លាក់ពីលើកាំជណ្ដើរ តែសំណាងល្អបានសាច់ញាតិជួយទ្រនិងទប់ជាប់ កុំអីជនដៃដល់អាចនឹងត្រូវបោកក្បាលបណ្តាលឱ្យបាត់បង់ជីវិតក៏ថាបាន។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មក អ្នកទាំងពីរមិនបានបញ្ឈប់សកម្មភាពឈ្លោះទាស់ទែងគ្នានោះទេ ក៏មានការប្រវាយប្រតប់គ្នាសាជាថ្មីម្ដងទៀត រហូតមានការចាប់ចេញ រៀងៗខ្លួន ទើបគេឃើញជនរងគ្រោះធ្លាយពោះវៀនចេញក្រៅ និងហូរឈាមពេញខ្លួនចំណែកជនដៃដល់ក៏បានរត់គេចខ្លួនបាត់ទៅ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ដំបូងឡើយ ក្រុមគ្រួសារមិនចង់ឲ្យមានការឃាត់ខ្លួនជនដៃដល់នោះទេ ព្រោះយល់ឃើញថា កូនម្នាក់មានស្នាមរបួសរហូតធ្លាយពោះវៀនចេញមកក្រៅហើយនោះក៏សម្រេចចិត្តប្តឹងឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនចាត់ការតាមច្បាប់ លុះនៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់កសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ស្រាប់តែក្រុមគ្រួសារឪពុកម្ដាយបានតាមមកស្នើសុំកុំឲ្យមានការបន្តសំណុំរឿងយកកូនរបស់ពួកគាត់ទៅដាក់ពន្ធនាគារ ព្រោះពួកគាត់យល់ថា កូនម្នាក់បានដេកពេទ្យទៅហើយ មិនចង់ឱ្យកូនម្នាក់ទៀតជាប់ពន្ធនាគារនោះទេ។
ទោះបីជាយ៉ាងណា ករណីខាងលើនេះសមត្ថកិច្ចមិនអាចបញ្ចប់សំណុំរឿងត្រឹមការស្នើសុំរបស់ពួកគាត់នោះទេ ដោយខាងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ករណីខាងលើនេះត្រូវបានបំពេញនីតិវិធីរួចរាល់អស់ហើយ ដូច្នេះមានតែបញ្ជូនជនដៃដល់ទៅកាន់អយ្យការសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/