បច្ចុប្បន្នភាពវីរុសCovid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២៥លាននាក់ហើយ..

Worldometer បានចុះផ្សាយថា ប្រទេសឥណ្ឌាមានករណីឆ្លងថ្មីប្រចាំថ្ងៃ និងមានមនុស្សស្លាប់ប្រចាំថ្ងៃ ដោយសារវីរុស Covid-19 ច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០នេះ គឺមានមនុស្សឆ្លងថ្មីចំនួន ៧៩,៤៥៧នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៩៦០នាក់ ខណៈដែលប្រទេសប្រេស៊ីល មានមនុស្សឆ្លងថ្មីចំនួន ១៥,៣៤៦នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៣៩៨នាក់ និងសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីចំនួន ៣៣,៩៨១នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៣៦៩នាក់។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នានេះ វីរុស Covid-19 បានសម្លាប់មនុស្សថ្មីអស់ចំនួន ៤,១៨២នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន ២២០,១៦៣នាក់ នៅជុំវិញពិភពលោក ដែលជាកំណើន នៃការឆ្លងថ្មី និងការបាត់បង់ជីវិតមនុស្សថ្មី នៅតែបន្តកើនឡើងខ្ពស់ដដែល។

កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២៥លាននាក់ហើយ គឺចំនួន ២៥,៣៨២,៤៩៧នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ ៨៥០,៥០២នាក់ ខណៈដែលមនុស្សជាសះស្បើយ សរុបបានកើនឡើងដល់ ១៧,៧០៤,៧៦១នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ៕