បញ្ជូនមុខសញ្ញា៣នាក់ទៅតុលាការ ក្រោយធ្វើសកម្មភាពលើស្ត្រីម្នាក់ត្រឹម១ថ្ងៃ
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានចាត់បញ្ជូនមុខសញ្ញាក់ឆក់កាបូប៣នាក់ទៅតុលាការ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតស្រាវជ្រាវរកបក្សពួកធ្វើសកម្មភាជាមួយគ្នា ។

ជនសង្ស័យជាមុខសញ្ញាឆក់ទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ មួង ម៉ុច ហៅធារ៉ា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករផែស្ងួតតេងឡាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ២-ឈ្មោះ ស៊ីស៊ី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ អ្នករាំ DJ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និង៣-ឈ្មោះ រូណ ភារី ហៅភ្លោះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១១និង៤០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចសួនច្បារមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជនសង្ស័យទាំង៣នាក់នោះ សង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ ) ពីជនរងគ្រោះនៅចំណុចខាងជើងស្ថានីយប្រេងឥន្ធនៈសាវីម៉ិច ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៣និង១៥ នាទីរសៀល ។
ខណៈពេលឃាត់ខ្លួនជនសង្ស័យរួចមក សមត្តកិច្ចបានធ្វើការដកហូតទូរសព្ទ័ដៃជារបស់ជនរងគ្រោះចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាក SAMSUNG GALAXY J4 PLUS ពណ៌ទឹកមាស គ្មានស៊ីមកាត និងមួយគ្រឿងម៉ាក IPhone6 ពណ៌ទឹកមាស គ្មានស៊ីមកាត រួមជាមួយម៉ូតូ២គ្រឿង ជាមធ្យោបាយរបស់ពួកគេជិះធ្វើសកម្មភាពផងដែរ ។
លោក ប៊ុន សត្យា ឲ្យដឹងទៀតថា អំពើឆក់នោះមានជនរងគ្រោះឈ្មោះ ជៀម សុធា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ៣០៤ ផ្លូវលេខ២០MC ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ពេលជនសង្ស័យឆក់ជនរងគ្រោះបណ្តាលឱ្យបាត់បង់សម្ភារៈដូចជា ក្រវិលមួយគូតម្លៃ១៣០ដុល្លារអាមេរិក, ខ្សែកផ្លាកទីនមួយខ្សែតម្លៃ៣៩០ដុល្លារអាមេរិក, ទូរសព្ទ័ដៃចំនួន៣គ្រឿង ម៉ាក SAMSUNG មួយគ្រឿង ម៉ាក LG មួយគ្រឿង និងម៉ាក IPHONE មួយគ្រឿង, ប្រាក់ចំនួន១.៧៥០.០០០រៀល និងអត្តសញ្ញាណបណ្ណ័មួយសន្លឹក ។
បន្ទាប់ពីសាកសួរយកចម្លើយជនសង្ស័យបានសារភាព និងយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្តកិច្ចបានកសាងសំណុំរឿងនេះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/