NOCC បន្តបញ្ជ្រាបការអប់រំគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្តរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងបញ្ជ្រាបការផ្សព្វផ្សាយក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ដោយមានសិស្សានុសិស្សចូលរួមក្រេបជញ្ជក់ចំណេះដឹង និងលេងកីឡាយ៉ាងសប្បាយរីករាយ។

លោក ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសកម្មវិធីគុណតម្លៃអូឡាំពិក នៃNOCC គូសបញ្ជាក់ថា ថ្ងៃនេះជាលើកទី៥ ដែលយុទ្ធនាការគុណតម្លៃអូឡាំពិក និងយុទ្ធនាការផ្សព្វផ្សាយ កម្ពុជាឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយលោកសង្កេតឃើញថា សិស្សានុសិស្សតែងតែបានចូលរួមយ៉ាងផុសផុល ក្នុងការក្រេបជញ្ជក់ចំណេះដឹង ការអប់រំគុណតម្លៃ-ចលនាអូឡាំពិក ក៏ដូចជាយុទ្ធនាការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាផងដែរ។

លោកបន្ថែមទៀតថា ចំពោះកម្មវិធី៣ទៀត គ្រោងនឹងរៀបចំនៅវិទ្យាល័យច្បារអំពៅ និងសាលាចំនួន២ទៀត ដែលកំពុងទំនាក់ទំនងស្នើសុំកិច្ចសហការ។ អ្វីដែលជាការកត់សម្គាល់របស់លោក ប៊ុយ សុភ័ណ្ឌ គឺថា សិស្សានុសិស្សនានា បានយល់ដឹងច្រើនពីផលប្រយោជន៍នៃការលេងកីឡាដើម្បីសុខភាព និងគោលដៅផ្សព្វផ្សាយនូវយុទ្ធនាការសំខាន់ៗចំនួន៤ គឺកម្ពុជាស្អាត កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ-គ្រឿងញៀន ហើយលោកជឿជាក់ថា យុវជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ នឹងជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភ័ក្ត្រ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា។

យុវសិស្ស នួន វិច្ឆិកា រៀនថ្នាក់ទី៩A វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ខ្លួនពិតជារីករាយខ្លាំងណាស់ ដែលបានចូលរួមស្វែងយល់ពីចំណេះដឹងនៃគុណតម្លៃអូឡាំពិក ការចូលរួមលេងកីឡាដើម្បីសុខភាព និងយុទ្ធនាការផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យុវជនរូបនេះ ប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្សព្វផ្សាយបន្តទៅមិត្តភ័ក្ត្រ ក្រុមគ្រួសាររបស់ខ្លួន ដើម្បីជួយជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាដំបូងជាប្រវត្តិសាស្ត្រនេះ កាន់តែទូលាយ ព្រោះព្រឹត្តិការណ៍នេះ គឺជាកាតព្វកិច្ចចូលរួមរបស់យុវជន និងប្រជាជនខ្មែរទាំងអស់គ្នា។ ប្រសិនបើមានឱកាស យុវជនរូបនេះ នឹងចូលរួមក្នុងចំណែកណាមួយ ឬជាអ្នកស្ម័គ្រចិត្តផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online