បន្ទប់ជួលមួយកន្លែងនៅអូបែកក្អម រងការខូចខាតយ៉ាងដំណំ ខណៈអគ្គិភ័យបានឆាបឆេះ

រាជធានីភ្នំពេញ÷ អគ្គិភ័យបានឆាបឆេះបន្ទប់ជួល​ មួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១០៣​ ភូមិត្រពាំងឈូក​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ​ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះបន្ទប់ជួលថ្មប្រក់ស័ង្កសី ចំនួន​ ៤បន្ទប់ ទំហំ​ (៤ម៉ែត្រ​ x ៨ម៉ែត្រ)​ និងខូចខាតសម្ភារៈ​ ម៉ាស៉ីនលាងម៉ូតូ,​ គ្រឿងបន្លាស់ទូរស័ព្ទ,​ សម្ភារៈសាឡន និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

នៅវេលាម៉ោង​ ៤និង០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ៦គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង​ ២៤ម៉ែត្រគូប៕