បាត់ខ្លួន៩ថ្ងៃប្រជាពលរដ្ឋប្រទះឃើញសាកសពនៅបាតជ្រោះ សមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីខ្យល់គរ

សាកសពបុរសម្នាក់មានសភាពហើមស្អុយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅបាតជ្រោះនៅចំណុចភូមិថ្មី សង្កាត់ឡាបានសៀក  ក្រុងបានលុង ខេត្តរតនគិរី។

របាយការរបស់អធិការនគរបាលក្រុងបានលុងបានអោយដឹងថានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩:៣០នាទី មានប្រជាពលរដ្ឋរាយការណ៍ថាបាន ប្រទះឃើញសាកសពមនុស្សប្រុស០១នាក់នៅចំណុចទីតាំងខាងលើ។ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យលើសាកសព នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។ហើយតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះបានដើរបាត់ពីផ្ទះនៅថ្ងៃទី២៨ ខែមករា២០២២ ជនរងគ្រោះជាមនុស្សគរ ហើយមានសតិមិនគ្រប់ តែងតែដើរចេញពីផ្ទះមកវត្តភូមិថ្មីដោយសារជនរងគ្រោះមានកូនបួសជាព្រះសង្ឃនៅវត្តភូមិថ្មីនេះ។(របាយការមិនបានបញ្ជាក់ឈ្មោះ អាយុ និងទីលំនៅជនរងគ្រោះឡើយ)

តាមការពិនិត្យសាកសពសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។សាកសពត្រូវបានក្រុមការងារពិនិត្យរួច និងបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕