បឹងកេត និងវិសាខា ខកខានលេង AFC Cup ក្រោយការប្រកួតតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវបានលុបចោល
CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះ បានប្រកាសជាផ្លូវការ អំពីការលុបចោលការប្រកួតពានរង្វាន់ AFC Cup 2021 តំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ដោយសារការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ ធ្វើឲ្យពិបាកស្វែងរកទីកន្លែងរៀបចំការប្រកួត។
AFC បានបញ្ជាក់ថា ការប្រកួតតំបន់អាស៊ីអាគ្នេយ៍ ដែលមានពូលG, H, I និងការប្រកួតជម្រុះបឋមទាំងអស់ ត្រូវបានលុបចោល ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩ មិនអាចរកទីកន្លែងរៀបចំការប្រកួតបាន។ ដូច្នេះ ក្រុមបឹងកេត និងវិសាខា របស់កម្ពុជា រួមទាំងក្រុមផ្សេងៗ នៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវខកខានការប្រកួតពានរង្វាន់ AFC Cup 2021 ទាំងអស់។
ពានរង្វាន់ AFC Cup 2021 បានបែងចែកជា ១០ពូល មកពី ៥តំបន់ផ្សេងគ្នា។ ប៉ុន្ដែក្រោយលុបចោលការប្រកួតតំបន់អាស៊ីអាគ្នេយ៍ នៅសល់ ៤តំបន់ទៀត ត្រូវបន្ដការប្រកួតធម្មតា រួមមានតំបន់អាស៊ីខាងកើត អាស៊ីខាងត្បូង អាស៊ីកណ្ដាល និងអាស៊ីខាងលិច។ នេះជាលើកទី២ហើយ ដែល AFC Cup បានលុបការប្រកួត AFC Cup ខណៈឆ្នាំមុន ក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតបានពាក់កណ្ដាលទី ក៏ត្រូវបានលុបចោលការប្រកួតដែរ។
តាមគម្រោងនៃការប្រកួតវគ្គជម្រុះក្នុងពូល មុន AFC សម្រេចលុបចោលការប្រកួតខាងលើ ក្រុមបឹងកេត ស្ថិតក្នុងពូល G ជាមួយក្លឹប Hanoi (វៀតណាម), ក្លឹប Bali United (ឥណ្ឌូណេស៊ី) និងក្រុមឈ្នះវគ្គជម្រុះ រវាងក្លឹប Chanthabouly (ឡាវ) ឬក្លឹប Kasuka (ព្រុយណេ)។ ចំណែកវិសាខា ត្រូវបានដំឡើងចូលពូល I ជាមួយក្លឹប Lalenok United (ទីម័រខាងកើត), ក្លឹប Terengganu FC (ម៉ាឡេស៊ី) និងក្លឹប Geylang International (សិង្ហបុរី)៕