បុកបន្តកន្ទុយគ្នាច្រើនគ្រឿង ខណៈកំពុងឈប់ចាំស្តុប
រាជធានីភ្នំពេញ ៖ រថយន្តធន់ធំមួយគ្រឿងបើកលឿនមិនប្រយ័ត្នជាប់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុកពីក្រោយរថយន្តនិងម៉ូតូកង់បីសរុបចំនួន៣គ្រឿងដែលកំពុងឈប់រង់ចាំស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហា ណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះក្នុងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៣A-២៤៦០ ទើបតែបើកចេញមកពីការ៉ាសនៅឃ្មួញក្នុងគោលបំណងទៅខេត្តតាកែវ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន។

តាមប្រភពដដែលបានបន្តថា លុះមកដល់ចំណុចស្តុបកើតហេតុខាងលើ ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី បណ្ដាលឲ្យជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AK-៣៥១៣ បើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់ជាអ្នករួមដំណើរកំពុងឈប់រង់ចាំស្តុប ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មករថយន្តម៉ាក RAV4 បានខ្ទាតទៅខាងមុខបន្តទៅបុកពីក្រោយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AU-៥៦៨៣ បើកបរដោយបុរសម្នាក់ ដែលកុំឈប់រង់ចាំស្តុបអាទិភាពដូចគ្នា ហើយម៉ូតូកង់បីឥណ្ឌានោះបានខ្ទាតទៅខាងមុខបន្តទៅបុកពីក្រោយរថយន្តមិនចាំម៉ាកមួយគ្រឿងទៀតដែលកំពុងឈប់រង់ចាំស្តុប បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច និងបណ្តាលឲ្យម៉ូតូកង់បីឥណ្ឌារងការខូចខាតវៀចយ៉ាងដំណំ ចំណែកឯរថយន្ត RAV4 បានរងការខូចខាតក្រពឹត និងបែកកញ្ចក់ផ្នែកខាងក្រោយ ។ ដោយឡែករថយន្តបង្ករងការខូចខាតបន្តិចបន្តួច តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ រថយន្តរងគ្រោះមិនចាំម៉ាករងការខូចខាតបន្តិចបន្តួចមិនចង់មានរឿងរ៉ាវវែងឆ្ងាយក៏បើកបន្តដំណើរចេញទៅបាត់ ដោយមិនទាមទារសំណងអ្វីនោះទេ ៕ (កែសម្រួលដោយ ៖ ធីតា)


ប្រភព៖ https://kohsantepheapdaily.com.kh/