បុរសជាអ្នកចំការម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនិងបុរសម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីផ្ទុះគ្រាប់នៅស្រុករតនមណ្ឌល​ខេត្តបាត់ដំ​បង

នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ​ សៅរ៍​ ៩​រោច​ខែ​ ផល្គុន​ឆ្នាំឆ្លូវត្រីស័​ក​​ព.ស.២៥៦៥​ត្រូវនឹងថ្ងៃទី២៦​ខែ​ មី​នា​ ឆ្នាំ​២០២២នៅចំណុចលើខ្នងភ្នំស​ ស្ថិតនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករត​ន​មណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់ដែល​កប់នៅក្នុងដីមួយបានកេីតឡេីងខណៈពេ​ល​ពលរដ្ឋជាអ្នកចំការទាំង០២នាក់កំពុងជីកដីបំណងគាស់យក​គល់ឈើមួយនៅទីនោះ​ បាន​បណ្តាលឱ្យបុរសម្នាក់ឈ្មោះផាង ភ័ណ្ឌ ហៅទូច អាយុ​២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួល​តា​ឯក​ ក្រុងបាត់ដំបងខេត្ត បាត់​ដំបងមកស្នាក់នៅធ្វេីចំការនៅមូលដ្ឋានកេីតហេតុ ត្រូវដាច់ជើងខាងឆ្វេង​ស្លាប់នៅកន្លែងកើតហេតុនិងបុរសម្នាក់​ទៀតឈ្មោះ​ ឆាយ កុសល់ អាយុ ៣៥​ឆ្នាំ មានទី​លំនៅភូមិអន្លង់វិល ឃុំ អន្លង់​វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស​ចំភ្នែកទាំង​សង​ខាង​ត្រូវនាំយក​ទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកវរសេ​នីយ៍​ឯក​ សន​ និល​ អធិ​ការ​នគរបាលស្រុករតនមណ្ឌល​ បាន​បញ្ជាក់ថា​ បុរសទាំងពីរ​នាក់រស់នៅក្រៅមូលដ្ឋាននេះ​ ហេីយកន្លងទៅពួកគាត់​ មកស្នាក់បណ្តោះអាសន្នធ្វេីចំការនៅមូលដ្ឋានខាងលេី​ ។ នៅថ្ងៃកេីតហេតុនេះគាត់ទាំងពីរនាក់ស្វែងរកគល់ឈេីចាស់ៗដេីម្បីជីកយកទៅប្រេីប្រា​ស់​ឬយកទៅលក់ដូរចិញ្ចឹមជីវិត​ ហេី​យ​ក្នុងខណៈពួកគាត់កំពុងជីកគល់ឈេី​ នៅចំ​ណុចនោះបានប៉ះចំគ្រាប់(​មីនកប់ក្នុងដី)​ទេីបបង្ក​ជាករណីផ្ទុះបែប​នេះ​ ។

លោកអធិការបន្តថា​ បន្ទាប់ពីកេីតហេតុភ្លាមស​មត្ថកិច្ចមូលដ្ឋាន​ អាជ្ញាធរពាក់ព័ន្ធរួមទាំងកង​កម្លាំ​ង​នគរបាល​របស់លោកបានចុះទៅដល់កន្លែងកេីត​ហេតុ​ ជួយនាំជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា​ ចំណុចភ្នំសក្នុងភូមិរស្មីសង្ហារ​ ស្រុករតនមណ្ឌលនេះគឺ​ ជា​អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់មួយក្នុង​ចំ​ណោមសមរភូមិជាច្រេីនផ្សេងៗទៀត។

នៅចំណុចកេីតហេតុថ្ងៃនេះអាចជា​គ្រាប់មីន​ដែលគេបង្កប់ក្នុងដីក្បែរគល់ឈេីពីពេលមុន​ ហេីយទំនងជាជនរងគ្រោះជីកដីក្បែរគល់ឈេីប៉ះចំគ្រាប់​មីនទេីបបង្កឱ្យផ្ទុះឡេីងតែម្តង​ ។

លោក​បន្ថែមថា​នៅចំណុចកេីតហេតុ​ពីមុនមកក៏ធ្លាប់ប្រទះឃេីញគ្រាប់មីន​ប្រ​ឆាំងរថក្រោះរួមទាំងយុទ្ធភ័ណ្ឌផ្សេងៗជាច្រេីនទៀតនៅកប់រាយ​ប៉ាយនៅទីនោះ។

នៅពេលនេះសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ក្រោយពេលសមត្ថកិច្ចធ្វេីកំណត់ហេតុពិនិត្យរួច៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online