បុរស​ម្នាក់​ចូល​ព្រៃ​បេះបន្លែត្រួយព្រិច និងរកសត្វ ក៏បានជាន់គ្រាប់មីនផ្ទុះដាច់ជើងនៅស្រុកអូរជ្រៅ

ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋម្នាក់ ដើរចូលក្នុងព្រៃចំការមីន ខាងមុខទំនប់ ក ៥ ដើររកបេះបន្លែត្រួយព្រិច និងរកសត្វ ក៏បានជាន់គ្រាប់មីន បណ្តាលអោយផ្ទុះ ដាច់ជើងឆ្វេង និងជើងស្តាំ និងរងរបួសជាច្រើនកន្លែងផងដែរ ។ ជនរងគ្រោះឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរីហើយ ។

អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។