បុរស២នាក់ធ្វើសកម្មភាពលើស្ត្រីម្នាក់រួចប្រុងគេចខ្លួន តែមិនផុត
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងធ្វើដំណើរដោយថ្មើរជើងតាមចិញ្ចើមផ្លូវ ប៉ុន្តែមិនបានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួននោះ ។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខវិទ្យាល័យឥន្ទ្រទេវី តាមបណ្តោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ស៊ុន ថាស័ក្ដិសិទ្ធិ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នកជិះពីក្រោយ និងម្នាក់ទៀតឈ្មោះ ជា តូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកបើកបរម៉ូតូ។ ជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ID-៥៧៨៦ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ក្រុមជនសង្ស័យទាំង២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ កំពុងដើរលើចិញ្ចើមផ្លូវ ប៉ុន្តែមិនបានសម្រេចនោះទេ។ ភ្លាមនោះក្រុមជនសង្ស័យខាង ក៏បានបន្ថែមល្បឿនព្យាយាមបើកម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ។
តាមប្រភពដដែលបានបន្តថា ពេលនោះក៏មានសមត្ថកិច្ចមូលដ្ឋានដែលកំពុងជិះម៉ូតូល្បាតបានប្រទះឃើញ ក៏ដេញតាមពីក្រោយក្រុមជនសង្ស័យ ដោយសារក្រុមជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួនទាំងសភាពភ័យស្លន់ស្លោខ្លាំងពេក ក៏ដួលនៅត្រង់ចំណុចក្បែរផ្សារទំនប់ តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលទី១ ខណ្ឌឬស្សីកែវ ។ ពេលនោះក៏មានប្រជាពលរដ្ឋនាំគ្នាជួយចាប់បាន និងស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យរងរបួសបែកក្បាល។ ចំណែកជនសង្ស័យម្នាក់ដែលជាអ្នកបើកបរម៉ូតូធ្វើសកម្មភាព ក៏បានស្ទុះងើបរត់គេចឆ្លងទៅផ្លូវម្ខាងទៀតបាត់ស្រមោល។
បន្ទាប់មកកម្លាំងសមត្ថកិច្ចរួមជាមួយមួយប្រជាពលរដ្ឋក៏បាននាំគ្នាធ្វើការឡោមព័ទ្ធរុករកជនសង្ស័យខាងលើអស់រយៈពេលប្រមាណ៣០នាទីក្រោយមក ក៏បានរកឃើញនិងចាប់ឃាត់ខ្លួននៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង នៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
ដោយឡែកស្ត្រីជាជនរងគ្រោះមិនស្គាល់អត្តសញ្ញាណខាងលើ បន្ទាប់ពីត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេចរួចមក ក៏បានបន្តដំណើរដើរចេញពីកន្លែងកើតហេតុបាត់ ដោយមិនបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២នោះទេ។
ក្រោយពេលកើតហេតុ ក្រុមជនសង្ស័យទាំងពីរនាក់ខាងលើរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនីតិវិធី៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/