បើកសុខៗរបូតទូតាមផ្លូវអត់ដឹង លុះពេលដឹងអស់ជាង១០បាវ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២០ មានករណីរថភ្លើងមួយខ្សែដឹកទូកុងតឺន័រដែលមានផ្ទុកអង្ករជាច្រើនបាវ ហើយរថភ្លើងបានរបូតទូនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពេលនោះក៏មានចោរហារយធ្វើសកម្មភាពគាស់ទូកុងតឺន័រលួចយកអង្កអស់ចំនួន១៦បាវ ។

តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៦ ខែកុម្ភៈ មានរថភ្លើងមួយខ្សែបើកចេញពីស្ថានីយក្រុងព្រះសីហនុ លុះពេលធ្វើដំណើរតាមផ្លូវក៏របូតទូមួយដែលមានដឹកទូកុងតឺន័រ ស្ថិតនៅចំណុចកើតហេតុខាងលើ ដោយពុំមាន អ្នកដឹងទេ ហើយក្បាលម៉ាស៊ីនរបស់រថភ្លើងក៏ធ្វើដំណើរទៅបាត់ ។ រហូតដល់វេលាម៉ោង៦ ព្រឹកថ្ងៃទី៧ កុម្ភៈ ទើបឃើញមានក្បាលម៉ាស៊ីនរថភ្លើងនោះត្រឡប់មកសណ្ដោងទូដែលរបូតនៅតាមផ្លូវនោះ ត្រឡប់ទៅក្រុងព្រះសីហនុវិញ ដោយសារមានការផ្ដល់ដំណឹងពីបុគ្គលិកប្រចាំបារ៉ាស់ផ្លូវរថភ្លើង ។ លុះនៅពេលដែលកំពុងតែថ្ពក់ទូរថភ្លើងដែលរបូតនោះវិញ ស្រាប់តែបុគ្គលិកឃើញទ្វារទូកុងតឺន័ររបើក ក៏ត្រួតពិនិត្យ ទើបឃើញថាមានបាត់អង្ករអស់ចំនួន១៦បាវ ដែលក្នុងមួយបាវទម្ងន់៥០គីឡូក្រាម ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបង្ហើបឲ្យដឹងថា ក្រោយពីមានហេតុការណ៍ខាងលើនោះកើតឡើង មន្ត្រីថ្នាក់ក្រោមបានរាយការណ៍ដែរ តែលោកដូចជាមិនយល់ដែរ ខណៈអ្នកបើកបររថភ្លើងមួយខ្សែនោះចេះបញ្ជារថភ្លើងយ៉ាងម៉េច បើករបូតទូមួយនៅចោលកណ្តាលផ្លូវមួយទាំងយប់អត់ដឹង ដែលពេលនោះក៏មានចោរទៅគាស់ទូកុងតឺន័រលួចយកអង្ករទៀត ។

ករណីខាងលើនេះក្នុងនាមលោកជាស្នងការនគរបាលខេត្ត លោកបាននឹងកំពុងចាត់វិធានការឲ្យសមត្ថកិច្ចជំនាញចុះទៅស្រាវជ្រាវរកមុខសញ្ញាដែលគាស់ទូកុងទីន័រលួចអង្ករពីទូរថភ្លើងនោះ ។ ម្យ៉ាងវិញទៀត លោកបានទំនាក់ទំនងទៅអ្នកទទួលខុសត្រូវខ្សែរថភ្លើងក្រុងព្រះសីហនុ-ភ្នំពេញ ដើម្បីជួបពិភាក្សាគ្នាម្តងរឿងកិច្ចការការងារសន្តិសុខតាមរថភ្លើង ។

កន្លងមកខាងរថភ្លើង និងសមត្ថកិច្ចនគរបាលមិនដែលមានការទំនាក់ទនង ឬសហការគ្នាធ្វើរឿងអសន្តិសុខនៅតាមផ្លូវដែកនោះទេ លុះពេលហេតុការណ៍កើតមានឡើង ច្រើនឆ្លើយដាក់គ្នា ដូច្នេះពេលនេះចង់ឲ្យមានការសហការគ្នា ។ ចំណែកព័ត៌មានថា អង្ករដែលចោរហារយលួចយកចេញពីទូកុងទីន័រនៅលើទូរថភ្លើងនោះ ជាអង្កមានបាញ់ថ្នាំ មិនអាចយកទៅទទួលទានបាននោះទេ តែការពិតអង្ករទាំងនោះត្រូវបានក្រុមហ៊ុននាំចេញ-នាំចូល គេបាញ់ថ្នាំមែន ប៉ុន្តែជាថ្នាំការពារ និងកម្ចាត់សត្វល្អិត ដើម្បីទុកឱ្យបានយូរតែប៉ុណ្ណោះ មិនអាចដល់ថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)





អត្ថបទ៖ https://kohsantepheapdaily.com.kh/