បើយើងសង្កេតមើលសង្គមសព្វថ្ងៃហាក់ដូចជាត្រូវបានពុលជាមួយរឿងរ៉ាវបីយ៉ាង

កុមារ៖ ហាក់ញៀនជាមួយស្មាតហ្វូន ហ្គេម រហូតមិននិយាយស្តី ភ្លេចបាយភ្លេចទឹក បើមិនឱ្យគឺយំ ដើម្បីឱ្យឈប់យំទាល់តែបានលេងទូរស័ព្ទ ជាឧទាហរណ៍ ។ ម្យ៉ាងទៀត ពួកគាត់អាចទទួលឥទ្ធិពលអវិជ្ជមានមួយចំនួនពីវា ជាពិសេសសុខភាព ។ វ័យដែលត្រូវស្រលាញ់ការសិក្សា បែរជាញៀនជាមួយស្មាតហ្វូនទៅវិញ ។ តើទំពាំងនេះ អាចក្លាយជាឬស្សីល្អបានទេ?

វ័យជំទង៖ វ័យត្រូវក្រេបចំណេះវិជ្ជា បទពិសោធន៍ល្អៗស្ទើតែ៨០% ដើម្បីត្រៀមខ្លួនជាឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ តែបែរជាត្រូវបានពុល រឿងសប្បាយច្រៀងរាំ ផឹកស៊ី និងញៀនហ្គេមយ៉ាងផុសផុលស្ទើគ្រប់កន្លែងទាំងអស់ និងមិនសូវផុសផុលរៀនសូត្រដូចច្រៀងរាំ ផឹកស៊ីសោះ ។ តើធនធានដ៏មុតស្រួច និងក្លាយជាអ្នកដឹកនាំខ្លាំងពូកែ សម្រាប់ជាតិកើតឡើងយ៉ាងម៉េចទៅ?

មនុស្សចាស់៖ ត្រូវបានគេបំពុលលេងឆ្នោត និងល្បែងភ្នាល់ផ្សេងៗ ។ តើក្មេងៗជំនាន់ក្រោយនឹងទទួលបទពិសោធន៍ដឹកនាំជីវិត និងប្រទេសជាតិដ៏ល្អ និងជាក់ស្តែងដូចម្តេច បើម្នាក់ៗអង្គុយចាំស្តាប់តែ ប៉ុស្តិ៍ A និងប៉ុស្តិ៍ Bដូច្នោះ? ចាំថា វ័យនេះជាវ័យត្រូវផ្ទេរចំណេះដឹង បទពិសោធន៍មួយជីវិតរបស់គាត់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីជាប្រទីបបំភ្លឺផ្លូវក្នុងការដឹកនាំជីវិត និងប្រទេសជាតិ ។
បញ្ជាក់៖ មិនមានបំណងបន្ទោសនរណាម្នាក់ និងលើកជើងខាងណាឡើយ គ្រាន់តែបញ្ចេញទស្សន:មួយជ្រុង ។ សត្រូវពេលនេះគឺ ភាពអវិជ្ជា និងភាពក្រីក្រ ។

អត្ថបទពី: វិជ្ជា គុន