បំបែកករណីឃាតកម្ម ០១ករណី ដែលត្រូវបានជនសង្ស័យជាបងស្រីបង្កើតរួមគំនិតជាមួយសង្សារសម្លាប់ រួចធ្វើសកម្មភាពបង្វែងដានទៅជាករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងវិញ

ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ តាមរយៈការចង្អុលបង្ហាញពីលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រមទាំងកិច្ចសហការរវាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម យើងបានធ្វើការស្រាវជ្រាវ បំបែកករណីឃាតកម្ម ០១ ករណីដែលត្រូវបានជនសង្ស័យជាបងស្រីបង្កើតរួមគំនិតជាមួយសង្សារសម្លាប់ រួចធ្វើសកម្មភាពបង្វែងដានទៅជាករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងវិញ ។ កិច្ចប្រតិបត្តិការនេះ សម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់ ៖

-ទី១. ឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរៈ កម្មករសំណង់ រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាចារី ។ ត្រូវជាសង្សាររបស់ជនសង្ស័យ ដែលជាបងស្រីបង្កើតរបស់សព ។

-ទី២. ឈ្មោះ ឡ.ស.ល មុខរបរៈ សិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគមខេត្តសៀមរាប ជាសហចារី ។ ជាបងស្រីបង្កើតសព ។

សពឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរៈ សិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ក្រោយពិនិត្យ ស្រាវជ្រាវចប់ យើងបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកឯជនសង្ស័យទាំង ០២ នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online