បំបែកហើយសំណុំរឿងបង្ខាំងជំរិតទារប្រាក់ រំដោះបាននារីម្នាក់
ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការស្តីទី និងលោកវរសេនីយ៍ទោ តែ អុិចឈុង នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការចូលរួមសម្របសម្រួលផ្នែកច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំកម្លាំងជំនាញ ចុះបំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ ដែលប្រព្រឹត្តិដោយជនជាតិចិន និងជនជាតិចិនដូចគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងរំដោះនារីម្នាក់ដែលជាជនរងគ្រោះ នៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

នារីរងគ្រោះដែលសមត្ថកិច្ចរំដោះបានឈ្មោះ CHEN GUIQONG ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខL11054567 និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន៥នាក់ ជាជនជាតិចិនដូចគ្នា។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន លុយចិនចំនួន១៥០យន់, លុយចំនួន៦៩.០០០រៀល, លិខិតឆ្លងដែនចំនួន៤ក្បាល, រថយន្តស្តារិចមួយគ្រឿង ពាក់ស្លាក់លេខព្រះសីហនុ ២C-៨៧៥៦, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណប័ណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, ម៉ាសបិទមុខ១, ម៉ាស៊ីនវេលុយ ១គ្រឿង,ខ្នោះដៃ១, សោ២ ស្រោម១។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះត្រូវបាននាំយកមកទីបញ្ជាការអាវុធហត្ថខេត្តកំពុងសាកសួរ ដើម្បីបន្តតាមនីតិវិធី ៕
ប្រភព៖ https://kohsantepheapdaily.com.kh/